ព័ត៌មានជាតិ

ឃាត់ខ្លួនអតីតបុគ្គលិកកាស៊ីណូម្នាក់ ក្រោយរកឃើញថ្នាំពេទ្យយ៉ាងច្រើនកែច្នៃបំលែងទៅជាគ្រឿងញៀន!

បន្ទាយមានជ័យៈ អតីតបុគ្គលិកកាស៊ីណូម្នាក់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការនិងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តនិងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(BLO) ក្រោមការម្របសម្រួលពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួនបន្ទាប់ពីរកឃើញថា មានជាប់ពាក់ពន្ធ័នឹងករណីកែច្នៃបំលែងថ្នាំពេទ្យទៅជាគ្រឿងញៀនសម្រាប់ជួញដូរដោយខុសច្បាប់។

ការបង្រ្កាបចាប់ឃាត់ខ្លួននេះធ្វើឡើងដោយកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការនិងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(BLO) កាលពីថ្ងៃចុងកន្លងទៅថ្មីៗនេះ ក្រុងប៉ោយប៉ែតដោយចោទប្រកាន់ពីបទជួញដូរនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ហើយជនសង្ស័យនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ត្រូវបាននគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងចាត់បញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តនីតិវិធី។

ជនសង្ស័យមានឈ្មោះ វុធ ស្រីម៉ិច ភេទស្រី អាយុ២៧ឆ្នាំ អតីតបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែត បច្ចុប្បន្ន គ្មានមុខរបរពិតប្រាកដ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ង៉េង សុខជា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ឱ្យដឹងថា ការបង្រ្កាបចាប់ខ្លួនជនសង្ស័យក្រោយពីកម្លាំងនគរបាលជំនាញបានស្រាវជ្រាវស៊ើបអង្កេតចំណាយពេលជិត១សប្តាហ៍រកឃើញថាមានការជួញដូរសារធាតុញៀនខុសច្បាប់តាមរយៈវេជ្ជសាស្រ្តថ្នាំពេទ្យយកទៅប្រើប្រាស់ក្នុងក្លឹបរាំកម្សាន្តឌីស្កូចំណុចកាស៊ីណូក្រុងប៉ោយប៉ែត។ ហើយបន្ទាប់មកកម្លាំងនគរបាលជំនាញក៏បានកំណត់មុខសញ្ញាជនសង្ស័យទើបឈានដល់ការចាប់ខ្លួនជនសង្ស័យកំពុងជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពជាក់ស្តែង។

លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា សមត្ថកិច្ចឆែកឆេរត្រួតពិនិត្យនៅក្នុងកែបម៉ូតូរកឃើញថ្នាំពេទ្យវេជ្ជសាស្រ្តវត្ថុរាវច្រកដបឈ្មោះ(កេតាមីន)ចំនួន២ប្រអប់ធំស្មើនិង១៥០ដបមានទម្ងន់ទឹកថ្នាំ១៥០០ក្រាម។

លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថាថ្នាំកេតាមីនត្រូវគេចាត់ទុកជាគ្រឿងញៀនដែលវាមានឥទ្ធិពលប្រហាក់ប្រហែលនិងថ្នាំញៀនអ៊ិចស្តាស៊ី ធ្វើឱ្យមនុស្សអ្នកប្រើប្រាស់ រំជើបរំជួលអារម្មណ៍ សប្បាយមិនដឹងខ្លួន។ ប្រភេទថ្នាំកេតាមីនគេប្រើប្រាស់វាស្របច្បាប់តែក្នុងមន្ទីរពេទ្យ ឬកន្លែងវៈកាត់អ្នកជម្ងឺ និងអ្នករងរបួស ទៅតាមវេជ្ជបញ្ជា ព្យាបាលមនុស្សឬសត្វប៉ុណ្ណោះ។

ប៉ុន្តែយោងទៅលើឥទ្ធិពលពីវាផ្សេងទៀត ក្រៅក្បួនវេជ្ជសាស្រ្ត ពួកឧក្រិដ្ឋជនគ្រឿងញៀនបានកែច្នៃបំលែងវាជាគ្រាប់ថ្នាំសម្រាប់លេប ឬជាប្រភេទម្សៅ សម្រាប់ហិត រឺលាយទឹកផឹកជំនួសការប្រើប្រាស់គ្រឿងញៀនផងដែរ៕

មតិយោបល់