ព័ត៌មានជាតិ

តុលាការបង្គាប់ឱ្យនាំខ្លួនលោក ហុង សុខហួរ មកសាកសួរបន្ថែមពាក់ព័ន្ធសំណុំរឿង បង្ហោះផែនទីក្លែងក្លាយ

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ លោក​ កោ​ វណ្ឌី​ ចៅក្រមស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ​ បានបង្គាប់ឱ្យអនុរក្សពន្ធនាគារព្រៃសនាំយកជនជាប់ចោទឈ្មោះ​ ហុង​ សុខហួរ​ មកសាកសួរបន្ថែមទៀតពាកព័ន្ធនឹងសំណុំរឿង​ ក្លែងផែនទីព្រំដែនរវាងកម្ពុជា​ និងវៀតណាម បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក​ កាលពីពេលន្លងទៅ។

ការបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទរូបនេះមកសាកសួរបន្ថែមពីសំណាក់ចៅក្រមស៊ើបសួរ​ បានធ្វើឡើងនៅក្រោយពេលដែលលោក​ ជូង​ ជូងី​ មេធាវីការពារសិទ្ធិជនជាប់ចោទបានព្យាយាម​ ដាក់ពាក្យប្តឹងសុំនៅក្រៅឃុំឱ្យកូនក្តីលោក​ ទៅតុលាការជាន់ខ្ពស់​ ប៉ុន្តែមិនដែលបានសម្រេច។

គួររំឮកថា​ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភារបស់គណៈបក្សសមរង្ស៊ី ត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន​នៅពន្ធនាគារព្រៃស​ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៥កន្លងទៅ។

លោក ហុង សុខហួរ ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ តំណាងអយ្យការ​ សម្រេចចោទប្រកាន់ពីបទ​ ក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម យោងតាមមាត្រា ៦២៩ មាត្រា​៦៣០ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណគការក្លែងសន្ធិសញ្ញា ព្រំដែនកម្ពុជាវៀតណាម ឆ្នាំ១៩៧៩ ត្រង់ មាត្រា៤ និងយក ឯកសារក្លែងនោះទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី។

លោក ហុង សុខហួរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន​ កាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះ របស់លោក យន្ត ថា រ៉ូ អ្នកតំណាងរាស្ត្រ​ មណ្ឌលខេត្តបន្ទាយមានជ័យ របស់ គណបក្សសង្គ្រោះជាតិ នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយមកលោក​ ហុង​ សុខហួរ​ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួន ទៅតុលាការនៅរសៀលថ្ងៃដដែល ដើម្បីបន្តនីតិវិធី៕

មតិយោបល់