ភ្នំពេញ: យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី ៤៣ ដែល Post News ទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រជាសាធារណៈ និងគម្រោងនៃការរៀបចំសិក្ខាសាលារួមគ្នា ជាមួយសមាគមធុរកិច្ចនានា ដើម្បីផ្សព្វផ្សាយពីឱកាសទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូន និងមធ្យមនៅកម្ពុជា តាមរយៈទីផ្សារមូលបត្រ ព្រមទាំងវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលសម្រេចបានកន្លងមក។
លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក. លើកទី ៤៣ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួនពីរ រួមមាន ទី១.ពិនិត្យ និងអនុម័តផ្តល់ការអនុញ្ញាតជាស្ថាពរលើសំណើបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី និងទី២.ពិនិត្យ និងអនុម័តលើសំណើសុំអាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនសមភាគីកណ្តាល (Central Counter Party), ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង (ខេមបូឌា), ក្រុមហ៊ុន ភ្នំពេញ ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី និងក្រុមហ៊ុន ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី។
របៀបវារៈទី១, អង្គប្រជុំបានស្តាប់សេចក្តីរាយការណ៍របស់មន្ត្រីជំនាញ និងបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយលើដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ហើយបានសម្រេចអនុញ្ញាត និងចុះបញ្ជីជាស្ថាពរលើឯកសារផ្តល់ព័ត៌មានរបស់ក្រុមហ៊ុន ដើម្បីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈចំនួន ១១.៥៧៥.០០០ (ដប់មួយលានប្រាំសែនប្រាំពីម៉ឺនប្រាំពាន់) ក្នុងថ្លៃ ២.៨៦០ (ពីរពាន់ប្រាំបីរយហុកសិប) រៀល ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ។
របៀបវារៈទី២, អង្គប្រជុំបានអនុម័ត ១.ផ្តល់ការអនុញ្ញាតជាគោលការណ៍ដល់ការស្នើសុំអាជ្ញាបណ្ណ និងការអនុញ្ញាតរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង (ខេមបូឌា) ដើម្បីធ្វើអាជីវកម្មជាក្រុមហ៊ុនសមភាគីកណ្តាល និងធ្វើជាឈ្មួញជើងសាឧបករណ៍និស្សន្ទ ២.ផ្តល់ការអនុញ្ញាតជាគោលការណ៍ដល់ការស្នើសុំអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ភ្នំពេញ ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី ដើម្បីធ្វើអាជីវកម្មជាក្រុមហ៊ុនសមភាគីកណ្តាល និង ៣.ផ្តល់ការអនុញ្ញាតជាគោលការណ៍ដល់ការស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុន ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី ដើម្បីធ្វើអាជីវកម្មជាឈ្មួញជើងសាឧបករណ៍-និស្សន្ទ។ មុនទទួលបានអាជ្ញាបណ្ណជាផ្លូវការ ក្រុមហ៊ុនទាំង ៣ ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវបន្ថែម អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕
មតិយោបល់