ភ្នំពេញៈ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានបញ្ជូនខ្លួនបុរសជាអ្នករត់តាក់ស៊ីម្នាក់ដែលល្បួងនារីវ័យក្មេងម្នាក់ឡើងផ្ទះសំណាក់ ដើម្បីប៉ុនប៉ងធ្វើសកម្មភាពរំលោភ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
សមត្ថកិច្ចបានប្រាប់ថា បុរសដែលជាជនសង្ស័យមានឈ្មោះ ហម សុខវី អាយុ២៤ឆ្នាំ មុខរបរបើកបរតាក់ស៊ី មានអាសយដ្ឋាននៅផ្លូវលេខ២៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកនារីនារីរងគ្រោះឈ្មោះ អ.ក.ម.ត កើតឆ្នាំ២០០០ មុខរបរ បុគ្គលិកក្រុមហ៊ុន «ប៊ីហ៊ីប» លក់អាហារបំប៉ន ។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៨វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចផ្ទះសំណាក់យីហោ «អាហ្វា» ស្ថិតក្នុងក្រុម៤ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីមួយបានកើតឡើងរវាងអ្នករត់តាក់ស៊ី នឹងនារីវ័យក្មេងម្នាក់ ដោយនារីរងគ្រោះប្ដឹងចោទប្រកាន់ថាអ្នករត់តាក់ស៊ីបានល្បួងនាងឡើងផ្ទះសំណាក់ ដើម្បីប៉ុនប៉ងធ្វើសកម្មភាពរំលោភ។
ប្រភពព័ត៌មានពីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញអ្នកទាំង២ឈ្លោះប្រកែកគ្នានៅបរិវេណផ្ទះសំណាក់និងមានការប្រទាញប្រទុងគ្នា ទំនងនារីរងគ្រោះមិនព្រមចូលផ្ទះផ្ទះសំណាក់ជាមួយបុរសនោះ ហើយក៏ឃើញនារីនោះរត់ចេញមកក្រៅស្រែកឆោឡោដើម្បីឲ្យប្រជាពលរដ្ឋដែលនៅក្បែរនោះជួយ ឃើញដូច្នេះប្រជាពលរដ្ឋក៏បានរាយការណ៍ដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ ។
យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ គឺចោទប្រកាន់ទៅលើរបុរសជាអ្នករត់តាក់ស៊ីថា ដំបូងគាត់លួងលោមខ្ញុំឲ្យឡើងជិះឡានជាមួយ បន្ទាប់មកគាត់ក៏បើកឡានសំដៅមកផ្ទះសំណាក់ខាងលើតែម្តង ហើយក៏ធ្វើសកម្មភាពល្បួងខ្ញុំឲ្យចូលផ្ទះសំណាក់ដើម្បីរួមភេទជាមួយគាត់ ប៉ុន្តែត្រូវបានខ្ញុំប្រកែកនឹងស្រែកឆោឡោ រត់ទៅឲ្យគេជួយ ហើយក៏ឃើញសមត្ថកិច្ចមកជួយអន្តរាគមន៍នឹងចាប់ឃាត់ខ្លួនបុរសនោះតែម្តង ៕
មតិយោបល់