ព័ត៌មានជាតិ

មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាព ចំនួន៣០គីឡូក្រាម ត្រូវបានដកហូត នៅខេត្តបាត់ដំបង

បាត់ដំបង: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យនៅក្នុងផ្សារមោងឫស្សី ស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមានដូចជា៖ ប្រហិតសាច់គោ មឹកស្រស់ និងបង្គាស្រស់ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាពរួមមាន៖ -ទឹកតែបៃតង ១៦ គីឡូក្រាម -ទឹកក្រូចចម្រុះ ១៤ គីឡូក្រាម សរុបទំនិញដកហួតបានសរុបចំនួន៣០ គីឡូក្រាម ។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់