ព័ត៌មានជាតិ

Update៖ ជិះម៉ូតូវ៉ារថយន្តមិនផុត ទាក់ដៃចង្កូតដួលខ្ទាតចូលរថយន្ត១ទៀត កិនអូស ឆេះខ្ទេចគ្មានសល់!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូមួយគ្រឿង បានទាក់ដៃចង្កូតជាមួយរថយន្ត១គ្រឿង រួចដួលខ្ទាតចូលរថយន្ត១គ្រឿងទៀត កិនអូសរហូតបែកផ្កាភ្លើងឆេះខ្ទេចម៉ូតូតែម្តង។

ករណីនេះកើតឡើងនៅម៉ោង២និង១០នាទី រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៣ ភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ករណីនេះកើតឡើងរវាងម៉ូតូម៉ាក BAJAJ PLUSAR ពណ៌លឿន ពាក់ស្លាកលេខ ភ្នំពេញ 1BX-5763 បើកបរដោយបុរសម្នាក់ បានឡើងវ៉ារថយន្តដឹកដីមិនចាំស្លាកលេខ តែវ៉ាមិនផុត ក៏ទាក់ដៃចង្កូត ហើយម៉ូតូបានដួលចូលទៅក្រោមរថយន្តហ៊ីយ៉ាន់ដាយ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3A-4539 មួយគ្រឿងទៀត អូសម៉ូតូជាប់ខាងក្រោម រហូតឆេះខ្ទាតតែម្តង។ ចំណែករថយន្តឆេះខូចខាតកាប៊ីន។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់១គ្រឿង ទើបរលត់ទៅវិញទាំងស្រុង។ ចំណែករថយន្តដឹកដីមិនចាំម៉ាក បានបើកគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់