(សិង្ហបុរី)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅថ្ងៃអង្គារ ទី២៤ ខែសីហានេះបានចោទប្រកាន់ចិនថានៅតែបន្តសម្លុតគំរាមកំហែងនៅក្នុង តំបន់សមុទ្រចិនខាងត្បូង តែទន្ទឹមគ្នាលោកស្រីសន្យាថាទីក្រុងវ៉ាស៊ីនតោននឹងបន្តគាំទ្រដល់សេរីភាព និងការបើកចំហរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ការអត្ថាធិប្បាយខាងលើរបស់លោកស្រី Kamala Harris ធ្វើឡើងកំឡុងពេលថ្លែងសុន្ទរកថានាឱកាសលោកស្រីកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសសិង្ហបុរី មុនបន្តធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ។ លោកស្រីអនុប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា «យើងដឹងថាទីក្រុងប៉េកាំងនៅតែសម្លុតគំរាមកំហែង និងទាមទារកាន់កាប់ ទឹកដីភាគច្រើនលើសលុបនៅតំបន់សមុទ្រចិនខាងត្បូង….ហើយដែលការទាមទារនេះគឺខុសច្បាប់ និងត្រូវបានច្រានចោលដោយសាលក្រមតុលាការអន្តរជាតិកាលពី ឆ្នាំ២០១៦»។
ចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ប្រ៊ុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម រួមទាំងកោះតៃវ៉ាន់សុទ្ធតែកំពុងមានជម្លោះដែនទឹកជាមួយចិននៅឯ
តំបន់សមុទ្រចិនខាងត្បូង ដោយពួកគេកំពុងទាមទារកាន់កាប់ដែនកោះជម្លោះរៀងៗខ្លួន។ សហរដ្ឋអាមេរិកបានគាំទ្រដល់ប្រទេសទាំងនេះ និងកោះតៃវ៉ាន់ ហើយចោទចិនថា បានបង្កើតមូលដ្ឋានទ័ពខុសច្បាប់នៅតំបន់ជម្លោះ និងសម្លុតគំរាមប្រទេសទាំងនេះទៀតផង៕
ប្រភព៖ Reuters
មតិយោបល់