ភ្នំពេញៈ បុរសម្នាក់ដែលត្រូវក្រុមគ្រួសារអះអាងថាមានជំងឺសរសៃប្រសាទរយៈជិត១០ឆ្នាំទៅហើយ បានលោតទំលាក់ពីលើសាឡាងនៅកំពង់ចម្លងស្វាយជ្រុំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចកណ្តាលទន្លេមេគង្គ រវាងព្រំប្រទល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនិងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អេង លាងហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ គ្មានប្រពន្ធនិងកូនឡើយ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានម្តាយឈ្មោះ ដាន់ សុខឃឿនអាយុ៦០ឆ្នាំ និងមានឪពុកឈ្មោះ ប៊ុន ហ៊ួរ អាយុ៥៦ឆ្នាំ។
ប្រភពព័ត៌មានពីឪពុកជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុ កូនរបស់គាត់បានជិះម៉ូតូឌុបចេញពីផ្ទះធំស្រីនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ហើយបានជួបប្រពន្ធរបស់គាត់ដែលត្រូវជាម្តាយជនរងគ្រោះនៅកំពង់ដកើតហេតុត្រើយខាងលិច។ ពេលនោះម្តាយនិងកូនបាននាំគ្នាហូបចំណីបន្ទាប់ពីហូបចំណីរួចប្រពន្ធរបស់គាត់បានចេញទៅរកការងារធ្វើបាត់ទៅរីឯកូនរបស់គាត់បានជិះសាឡាងទៅផ្ទះនៅស្វាយជ្រុំ ហើយក្រោយមកក៏មានគេខលប្រាប់ប្រពន្ធគាត់ថាកូនរបស់គាត់បានលោតចេញសាឡាងចូលទន្លេបាត់ទៅហើយ។
ពាក់ព័ន្ធនិងបុរសរងគ្រោះនេះតាមការឲ្យដឹងពីឪពុកជនរងគ្រោះបានឲដឹងថាជនរងគ្រោះមានជំងឺសរសៃប្រសាទ៧ទៅ៨ឆ្នាំកន្លងមកហើយ មូលហេតុជួបគ្រោះថ្នាក់ចរាចរណ៍និងធ្លាក់ពីលើដើមឈើរបួសចំកន្លែងដដែលៗ។
ឪពុកដដែលបន្តថាកូនរបស់គាត់ធ្លាប់លោតទឹកចំនួន៣ដងទាំងលើកនេះហើយលើកទី១នៅកំពង់ដកើតហេតុត្រើយខាងកើតលើកទី២នៅលើស្ពានជ្រោយចង្វារតែសុទ្ធតែត្រូវបានសង្គ្រោះទាន់ពេលហើយពេលនេះជាលើកចុងក្រោយ។
ក្រោយកើតហេតុបុរសជាឪពុកបានទាក់ទងអ្នករាវសពលិចទឹកឲ្យមករាវរកកូនក្នុងតំលៃ៨០០ដុល្លារប្រសិនបើរកឃើញរហូតមកដល់ម៉ោង៦ល្ងាចថ្ងៃដដែលសពជនរងគ្រោះនៅមិទាន់រកឃើញនៅឡើយទេ៕
មតិយោបល់