កំពតៈ រថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោណ បើកបុកម៉ូតូសង់ជិះឌុបគ្នា៣នាក់ បណ្តាលឱ្យស្លាប់ទាំង៣នាក់ នៅម៉ោង១និង៣០នាទី ឈានចូល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីនគរបាលស្រុកទឹកឈូ បានប្រាប់អង្គភាព ថា មុនកើតហេតុរថយន្តបង្កនិងម៉ូតូរងគ្រោះ បើកបរក្នុងល្បឿនលឿនដូចគ្នា បញ្ជ្រាសទិសគ្នា រថយន្តមកពីទិសខាងកើតទៅលិច លុះដល់ផ្លូវកោងត្រង់ចំណុចកើតហេតុ ក៏បុកនឹងម៉ូតូជនរងគ្រោះជិះឌុបគ្នា៣នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង អ្នកបើករថយន្តបង្ក ក្រោយហេតុការណ៍ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងហេតុ។
នគរបានបន្តថា ជនរងគ្រោះទាំង៣នាក់ ទី១-ឈ្មោះនុត ណាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរច្រនៀង ឃុំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត(អ្នកបើកបរម៉ូតូ), ទី២-ឈ្មោះសាយ សុផល ភេទប្រុស អាយុ១៨ឆ្មាំ មុខរបរសិស្ស រស់នៅភូមិអង្គសុភី ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត និង ទី៣-ឈ្មោះសន សាក់ស៊ីង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ជិះម៉ូតូម៉ាកសង់សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CT-3852 ចំណែករថយន្តបង្កម៉ាកយីឌុបចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0414,
បច្ចុប្បន្ន រថយន្តនិងម៉ូតូ ត្រូវបានរក្សាទុកនៅឯស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តឱ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែក សពជនរងគ្រោះ២នាក់ ត្រូវក្រុមគ្រួសារមកទទួលយកទៅស្រុកចាត់ចែងធ្វើបុណ្យតាមប្រពែណី រីឯសពជនរងគ្រោះម្នាក់ទៀត ត្រូវបានបូជានៅក្នុងវត្តត្រពាំងសង្កែ ជិតកន្លែងកើតហេតុ ដោយសារឪពុកម្តាយនៅស្រុកឆ្ងាយ៕
មតិយោបល់