ព័ត៌មានជាតិ

គ្លីនិកយីហោ វត្តភ្នំ ចាក់ថ្នាំឲ្យក្មេង១ម្ជុល បណ្តាលឲ្យស្លាប់

ភ្នំពេញៈ ស្រ្តីម្នាក់បាន​បីត្រកងសពកូនប្រុសមករករឿងពេទ្យគ្លីនិកមួយកន្លែងនៅក្បែរវត្តភ្នំទាំងព្រឹក បន្ទាប់ពីពេទ្យនោះ បានចាក់ថ្នាំមួយម្ជុល បណ្តាលឲ្យកូនប្រុសជាទីស្រលាញ់របស់ខ្លួនដាច់ខ្យល់ស្លាប់បង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​៧និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្លីនិក(វត្តភ្នំ) មានទីតាំងផ្ទះលេខ១៦Eo ក្រុម១៤៤ ស្ថិតខាងកើតមន្ទីរពេទ្យគុន្ធបុប្ផា៤ ផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជាម្តាយដែលបានបីសពកូនប្រុសមករករឿងពេទ្យនោះឈ្មោះ សួន ចរិយា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកហាងមានប្តីជាប្រធានសន្តិសុខនៅផ្សារផេនសលស្នាក់នៅផ្ទះលេខ០៤Eo ផ្លូវលេខ១៧២សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។ ចំណែកកូនប្រុសដែលស្លាប់នោះឈ្មោះហន សុវណ្ណសីហៈ អាយុ១ឆ្នាំ៧ខែ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ម្ចាស់ក្លីនិកយីហោ(វត្តភ្នំ)នោះ ឈ្មោះ ជួន ម៉ារឌី ភេទប្រុស ស្នាក់នៅគ្លីនិកកើតហេតុ។

ដោយយោងតាមការបំភ្លីពីម្តាយរបស់ក្មេងប្រុសដែលស្លាប់នោះបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ កូនប្រុសរបស់គាត់ឈឺមិនស្រួលខ្លួនគាត់ក៏បាននាំកូនមកមន្ទីរពេទ្យពេទ្យគន្ធបុប្ផា៤ ដោយពេទ្យពិនិត្យ និងឲ្យថ្នាំតែគាត់មិនទាន់បានឲ្យកូនលេបផង ដោយកូនគាត់ក្តៅខ្លួនខ្លាំងពេកទន់ខ្លួនបាត់មាត់ក គាត់នាំកូនចេញពីមន្ទីរពេទ្យគុន្ធបុប្ផាវិញ នៅវេលាម៉ោងប្រហែលជា១២ជាងរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ខែមិថុនា ដោយខណៈនោះគាត់ឃើញគ្លីនិកយីហោ(វត្តភ្នំ) ដែលមានទីតាំងស្ថិតខាងកើតមន្ទីរពេទ្យគន្ធបុប្ផា គេបើក២៤ម៉ោង នោះគាត់ក៏នាំកូនគាត់ចូលពិនិត្យនៅក្លីនិកនោះតែម្តង។

ស្រ្តីជាម្តាយបានរៀបរាប់បណ្តើរ និងយំបណ្តើរបានបន្តទៀតថា ខណៈនោះពេទ្យនៃគ្លីនិកនោះបានពិនិត្យកូនប្រុសរបស់គាត់ឃើញថា រលាកបំពង់កហើយគ្រូពេទ្យក៏បានតម្រូវចាក់ថ្នាំមួយម្ជុលឲ្យកូនគាត់ហើយ គាត់ក៏នាំកូនចេញពីគ្លីនិកនោះ ដោយវិលត្រឡប់ទៅសំរាកនៅផ្ទះរបស់ខ្លួនវិញ លុះដល់វេលាម៉ោង០៤ព្រឹកថ្ងៃដដែលនេះ ទើបដឹងថា កូនប្រុសដំបូងរបស់គាត់បានស្លាប់បាត់ទៅហើយរួចគាត់ក៏បីសពកូនមកកាន់គ្លីនិកនោះតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីស្លាប់ក្មេងប្រុសម្នាក់នោះ​ ខាងគ្លីនិកយីហោ(វត្តភ្នំ)នោះ ដោយមានការសម្របសម្រួលគ្នា ​ពោលគឺខាងជនរងគ្រោះគេអត់ប្តឹងផ្តល់នោះ ទើបខាងម្ចាដ់គ្លីនិកនោះបានជួយដល់ម្តាយក្មេងប្រុសដែលស្លាប់នោះចំនួន២លានរៀល ដើម្បីជួយសម្រួលក្នុងការធ្វើបុណ្យសពកូនបញ្ចប់បញ្ហាផងដែរ៕

មតិយោបល់