ព័ត៌មានជាតិ

បុរសសុំទាន គ្រាន់តែវាយប្រពន្ធសោះ! ពេលប៉ូលិសសួរនាំរកឃើញថ្នាំញៀន ក៏វាយខ្នោះតែម្ដង

ភ្នំពេញៈ បុរសអ្នកសុំទានម្នាក់ ត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រើអំពើហិង្សាលើប្រពន្ធ(បង្ខំរួមភេទ) លុះពេលសមត្ថកិច្ចចុះជួយអន្តរាគមន៍ ស្រាប់តែឆែករកឃើញមានថ្នាំញៀនជាប់នឹងខ្លួន។ ហេតុការណ៍ឃាត់ខ្លួនបុរសរូបនេះ ធ្វើនៅវេលាម៉ោង៧៖១០នាទី យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា បុរសដែលត្រូវបានឃាត់ខ្លួនពីបទប្រើអំពើហិង្សាក្នុងគ្រួសារ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នោះ មានឈ្មោះ ជិន សុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសុំលុយ(សុំទាន) ជាប្ដី និងប្រពន្ធជាជនរងគ្រោះឈ្មោះ ទូច ស្រីនី អាយុ២៥ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកទាំងពីរ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចដដែលបន្តថា នៅថ្ងែកើតហេតុខាងលើ ក្រោយទទួលថា មានអំពើហិង្សាក្នុងគ្រួសារ ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ បានអន្តរាគមន៍ដល់កន្លែងកើតហេតុ ក៏ប្រទះឃើញម្សៅក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកក ចំនួនពីរកញ្ចប់តូច នៅនឹងខ្លួនរបស់ឈ្មោះ ជិន សុង ជាប្ដី បន្ទាប់មកក៏ឃាត់ខ្លួន រួមទាំងវត្ថុតាងដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី។

ចំពោះសមត្ថកិច្ច ឈ្មោះ ជិន សុង បានសារភាពថា ខ្លួនរើសបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួនបួនកញ្ចប់តូច នៅក្បែរផ្លូវម្តុំចេឡាផ្សារដើមគរ រាជធានីភ្នំពេញ ពេលដើរសុំទាន។ បន្ទាប់មកបុរសជាប្ដីរូបនេះ បានប្រើប្រាស់(ជក់)អស់ចំនួនពីរកញ្ចប់តូច នៅឯភូមិគោកអណ្តែត ឃុំស្អាងភ្នំ រួចបានបង្ខំរួមភេទជាមួយប្រពន្ធឈ្មោះ ស្រីនី ប៉ុន្តែប្រពន្ធមិនព្រម ក៏បានវាយតប់ប្រពន្ធដោយដៃ បណ្តាលឲ្យមុតហូរឈាមលើមុខតែម្តង៕

មតិយោបល់