ភ្នំពេញៈ ជាងផ្សារដែកម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូមួយគ្រឿងម្នាក់ឯង ត្រូវរថយន្តកូរ៉េមួយគ្រឿងបើកដោយបុរសម្នាក់វ៉ាជែងទៅកៀរម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលខ្ទាតក្បាលចូលកង់រថយន្តកិនបែកក្បាលហូរឈាមស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុរថយន្តបង្កព្យាយាមបើករត់បានបន្តិចត្រូវបានក្រុមគ្រួសារនិងអ្នកធ្វើដំណើជួបចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលនៅចំណុចមុខរោងចក្រខ្សែកាបយីហៅ ខេធីស៊ី ផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ3D-9273 អ្នកបើកបរមានឈ្មោះ ខែម ណារិទ្ធ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ៤១ ផ្លូវ១៧៣ ភូមិ២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ ចំណែកឯជនរងគ្រោះមានឈ្មោះ យក់ វុទ្ធាភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាងផ្សារដែក មានទីលំនៅភូមិជ្រោមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN-6331។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងបងប្រុស២នាក់ជិះម៉ូតូពីរគ្រឿងដោយជនរងគ្រោះជិះម៉ូតូខាងលើម្នាក់ឯងពីមុខចេញពីធ្វើការនៅម្តុំអូឌឹមគោលបំណងទៅផ្ទះដោយធ្វើដំណើរតាមផ្លូវទំនបមកប់ស្រូវ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងខាងលើបើកកៀរប៉ះដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលក្បាលចូលកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុភ្លាមអ្នកបើករថយន្តបង្កបានព្យាយាមបើករត់បានបន្តិចត្រូវក្រុមគ្រួសារនិងអ្នកធ្វើដំណើរចាប់ដើម្បីប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងអ្នកបើកបរនិងម៉ូតូទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
https://youtu.be/4vh7pVMFc6A
មតិយោបល់