ព័ត៌មានជាតិ

លោក មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) នឹងដាក់ពាក្យ​សុំ​​ចុះចេញ​ពីតំណែង​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​

ដំណឹង​ដែលថា លោក មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) នឹងសុំ​ឈប់​ពីតំណែង​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ គឺ​ទម្លាយ​ឲ្យ​ដឹង​ពីមាត់​របស់សមាជិក​រដ្ឋាភិបាល និងជា​រដ្ឋមន្ត្រីទទួល​បន្ទុក​បេសកម្មពិសេស Mohamad Redzuan Yusof ហើយ​ព័ត៌មាន​នេះ ត្រូវផ្តល់​ដំណឹង​​ជម្រាប​ជូន​សមាជិក​សភាដែល​​ជាប់ឆ្នោត​ នៅក្នុង​បក្ស​របស់លោក រួច​ហើយ។​

ប្រភព​ពីរដ្ឋមន្ត្រី​ដដែល បាន​ឲ្យដឹងថា នាយករដ្ឋមន្ត្រីបាន​ព្យាយាម​ទាក់ទាញចិត្ត​និងពន្យល់​អ្នក​តំណាងរាស្ត្រ ពីបក្ស​ផ្សេងៗ​ដែរ​ ដើម្បី​គាំទ្រ​បេក្ខភាព​រដ្ឋាភិបាល​របស់លោក ក៏ប៉ុន្តែ អ្នក​តំណាងរាស្ត្រ​​បក្ស​ផ្សេង​ៗ បញ្ជាក់ថា បក្សរបស់​លោក គ្មាន​សមាជិក​សភា គ្រប់​គ្រាន់​ឡើយ​។​

ជាក់ស្តែង នៅថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​បាន​គៀងគរ​សំឡេង​គាំទ្រ​ពីគណបក្សទំនាស់ ដោយ​សន្យា​ធ្វើ​កំណែទម្រង់​ផ្សេងៗយ៉ាងច្រើន​ ជាថ្នូរ។​ ក៏ប៉ុន្តែ ការ​សន្យានេះ ប្រហែល​មិនទទួល​ការ​ផ្តល់​ទំនុក​ចិត្ត​ទេ។​

សម្ព័ន្ធ​ក្រុម​ដែល​ប្រឆាំង​នឹង​នាយកមន្ត្រី ​មាំមួនពេក នោះគឺ​អតីត​នាយករដ្ឋមន្ត្រី​ Mahathir Mohamad និងមេប្រឆាំងក៏លិចធ្លោ Anwar Ibrahim។​ អ្នក​នយោបាយ​ទាំងពីរ តាមពិតទៅ ជា​អតីតសត្រូវ​នឹងគ្នា។ កាលពី​អំលុង​ទសវត្សរ៍​១៩៩០ ពេល​ជា​ប្រមុខ​រដ្ឋាភិបាល លោក Mahathir Mohamad បានបណ្តេញ​លោក​ Anwar Ibrahim ពីគណៈរដ្ឋមន្ត្រី ហើយ​លោក ​ Anwar Ibrahim ក៏ត្រូវ​ជាប់​បទ​ចោទប្រកាន់​​ពី​រឿង​អាស្រូវ​ផ្លូវភេទ​និងពុក​រលួយ​រំលោភ​អំណាច ហើយត្រូវចាប់ដាក់គុក​។ ក៏ប៉ុន្តែ ប្រមាណ​ជិត​៣០ឆ្នាំក្រោយ អ្ន​កទាំងពីរ​នេះ បាន​ផ្សះផ្សាគ្នានៅឆ្នាំ២០១៨ ហើយ បាន​ពួតដៃគ្នា​ ដើម្បី​ទម្លាក់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​។ ជាច្រើន​សប្តាហ៍​មកហើយ អ្នក​ទាំងពីរ​បាន​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី លោក មូយីដឌីន យ៉ាស៊ីន ​​ចុះ​ពីតំណែង ស្រប​តាម​សម្រែក​ទាមទារ​របស់​បាតុករ​ម៉ាឡេស៊ីដែរ។​

តាំងពី​ដើម​ខែ​សីហា​ម្ល៉េះ ដែល​ រដ្ឋ​​សភាម៉ាឡេស៊ី ត្រូវ​បើក​អង្គប្រជុំ​សម្រេច​ករណី​រឿង​ប្រមុខ​រដ្ឋាភិបាល តែ​ត្រូវខកខានព្រោះ​​មាន​​ផ្ទុះ​មេរោគ​កូវីដ​នៅក្នុងសភា និង​ត្រូវ​លើកពេល​រហូតមកទល់​ពេល​នេះ៕​

 

មតិយោបល់