ភ្នំពេញៈ រថយន្តដឹកត្រីមួយតោន បានដាច់ម៉ែត្រចង្កូត ក៏រេរថយន្តទៅបុកបង្គោលភ្លើង បាក់អស់មួយដើម តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ដែលហេតុការណ៍នេះ កើតឡើងវេលាម៉ោង ៣និង៤២នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចមុខការ៉ាសសាំង TELA ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
អ្នកបើករថយន្តដឹកត្រី មានឈ្មោះ ឈឿន សុខឃឿន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក Bongo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AG-៧៦០៣ ជិះគ្នា៣នាក់ ជារថយន្តដឹកត្រីយកពីព្រែកភ្នៅទៅឲ្យម៉ូយនៅស្រុកស្អាង ដោយបើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាបតែរថយន្តដាច់ម៉ែត្រចង្កូត ក៏រេទៅបុកបង្គោលភ្លើងចំពីមុខពេញទំហឹង បណ្ដាលឲ្យបាក់បង្គោលភ្លើងអស់មួយដើម រីឯរថយន្តវិញខូចខាតខ្ទេចមួយកំណាត់ខាងមុខ និងបែកកញ្ចក់រថយន្ត។
ក្រោយសមត្ថកិច្ចចុះធ្វើការវាស់វែង ក៏បានស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់