ភ្នំពេញៈ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ លោក លាង សំណាត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិថៃ ដាក់ពន្ធនាគារកំណត់អស់១ជីវិត ក្រោមបទចោទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
សូមបញ្ជាក់ថា នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ កន្លងទៅជនជាប់ចោទឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ បានសារភាពថា ខ្លួនពិតជាបានដឹកគ្រឿងញៀននេះមែន ដោយខ្លួនធ្វើតាមការបញ្ជារបស់ឈ្មោះ ឌីន យ៉ៃ។
គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទខាងលើ កាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត៖
-គ្រឿងញៀនប្រភេទ ម៉េតំហ្វេតាមីន ទម្ងន់ ៣គីឡូក្រាម
-គ្រឿងញៀន ប្រភេទ ហេរ៉ូអ៊ិន ២ដុំ ទម្ងន់ ៦៦០ក្រាម
-គ្រឿងញៀន ប្រភេទម្សៅក្រាមមេតំហ្វេតាមីន ចំនួន ៩ដុំ ទម្ងន់ ៦គីឡូក្រាម
-គ្រឿងញៀនប្រភេទ គ្រាប់ WY ចំនួន ៩ដុំ មាន ៥២០០០គ្រាប់
-និងរថយន្ដ ចំនួន២គ្រឿង៕
មតិយោបល់