កណ្តាលៈ កាលពីម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ មានករណី បុរសម្នាក់ជាគ្រូបង្រៀន បានលោតពីលើស្ពានព្រែកតាមាក់ នៅក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សម្លាប់ខ្លួនលិចបាត់រកមិនឃើញ តែពេលនេះសាកសពបានផុសអណ្តែតឡើងមកហើយ។
ជនរងគ្រោះឈ្មោះ ម៉ោង ប៊ុនធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិ វិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង១ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា ស្កុបពី១១០ ស្លាកលេខភ្នំពេញ1CK-8717 ពណ៌ស លាយលឿងខ្ចី ចេញពីផ្ទះទៅបង្រៀនសិស្សនៅសាលាអនុវិទ្យាល័យវិហារសួគ៌ ដល់ម៉ោង៥ល្ងាច ជិះម៉ូតូត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះបានងូតទឹក រួចជិះម៉ូតូចេញពីផ្ទះ មិនបានប្រាប់អ្នកណាទេ ចេញបាត់រហូត មិនដឹងទៅណាបងប្អូនបានស្វែងរកតែរកមិនឃើញ ដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែឆ្នាំដដែល ក៏ប្រទះឃើញម៉ូតូនិងស្បែកជើងជនរងគ្រោះនៅលើស្ពានព្រែកតាមាក់ តែមិនឃើញជនរងគ្រោះឡើយ។ លុះនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃដដែល ស្រាប់តែឃើញសពជនរងគ្រោះ ផុសអណ្តែត ចម្ងាយ៣០០ម៉ែត្រពីស្ពានព្រែកតាមាក់តែម្តង ត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យនិងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=AaB4ocQZ8dI
មតិយោបល់