ព្រះសីហនុៈ កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៤-២១៥ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្តដឹកអេតចាយមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បានបុកជាមួយនឹងរថយន្តកុងតឺន័រចំពីក្រោយ បណ្តាលឲ្យអ្នកអង្គុយលើអេតចាតម្នាក់ រួចកិនស្លាប់ និងផ្សេងទៀតរបួសធ្ងន់ ។ ចំណែកអ្នកបើកបរថយន្តកុងតឺន័ត បានបើករថយន្តគេចបាត់ស្រមោល។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយឈ្មោះ ថុន ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត បើកពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើក៏បានបុកពីខាងក្រោយរថយន្តដឹកកុងតឺន័រ១គ្រឿង ដែលកំពុងបើកទិសដៅស្របគ្នាចំពីក្រោយ បណ្ដាលឲ្យធ្លាក់អ្នករួមដំណើរលើរថយន្ត (អង្គុយខាងលើអេតចាយ) រួចកិនពីលើ។ រីឯរថយន្តកុងតឺន័របើករត់គេចបាត់ មិនឈប់នៅកន្លែងកើតហេតុឡើយ ។
គ្រោះថ្នាក់នេះក៏បាន បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសមនុស្សចំនួន ៣នាក់ ៖
១-ឈ្មោះ ទិត្យ ពិន ភេទ ប្រុស ៣៧ឆ្នាំ មានទីលំនៅភូមិអូរឧកញ៉្ញាហេង ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
២-ឈ្មោះ ណាំ ហុង ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ រងរបួសបាក់ជើង ។
៣-ឈ្មោះ ភាន់ ភិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ រងរបួសបាក់ជើង ។
៤-ឈ្មោះ ឡូច ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ រងរបួសបាក់ជើង ។
អ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ថុន ចិត្រា រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
រីឯវត្ថុតាង រថយន្ត ដឹកអេតចាយខាងលើ ខូចខាតកម្រិតធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញចាត់ចែងស្ទូចយកចេញពីកន្លែងកើតហេតុ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍៕
មតិយោបល់