ព័ត៌មានជាតិ

ម៉ូតូYAMAHA សាកកម្លាំងជាមួយរថយន្តឡិចស៊ីស៤០០ បណ្តាលឲ្យបុរសម្ចាស់ម៉ូតូស្លាប់ម្នាក់

ភ្នំពេញៈ បុរសអ្នកបើកបរម៉ូតូម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យ ខណៈពេលដែលជនរងគ្រោះខាងលើជិះម៉ូតូ១គ្រឿងជ្រុលទៅបុកជាមួយរថយន្តម៉ាកឡិចស៊ីសRX-400 មួយគ្រឿងកំពុងបើកបរច្រាស់ទិសគ្នានិងបត់ចូលទៅក្នុងបុរីមួយកន្លែង និងត្រូវបានរថយន្តកិនពីលើថែមទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវបេតុង ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX-400 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8979 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តនេះបានបត់ចូលទៅក្នុងបុរីលឹម ឈាងហាក់ បណ្ដាលឲ្យម៉ូតូម៉ាកយ៉ាម៉ាហា ធុនធំ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2121 បើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ទៅដល់វ៉ាក់គេចចេញមិនទាន់ក៏បានបុកចំចំហៀងខ្លួនរថយន្តពេញទំហឹងតែម្ដង បណ្ដាលឲ្យដួលហើយអ្នកបើកបរម៉ូតូបានខ្ទាតចូលក្រោមកង់រថយន្តត្រូវបានរថយន្តកិនរងរបួសយ៉ាងធ្ងន់ធ្ងរ។បន្ទាប់មកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលចោលរថយន្ត។

ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យហើយជាអកុសលក៏បានស្លាប់បាត់បង់ជីវិត។ ក្រោយមកនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់