ភ្នំពេញៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបង្កហិង្សាក្នុងគ្រួសារ វាយទៅលើម្តាយក្មេកវ័យជរា ទ្រោមខ្លួនដោយសារខឹងគាត់ស្តីបន្ទោសដដែលៗ រឿងផឹកស្រាការងារមិនសូវធ្វើការងារ។
ហេតុការណ៍ខាងលើនេះបង្កការឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលជាជនបង្កខាងលើ មានឈ្មោះ ឌឹត ដូរ៉េ អាយុ ៤២ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅជាមួយម្តាយក្មេកក្នុងភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកស្រី្តរងគ្រោះដែលត្រូវជាម្តាយក្មេក មានឈ្មោះ សំ ដាវួច អាយុ៨២ឆ្នាំ ចាស់ជរា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារតែបុរសខាងលើមិនខិតខំធ្វើការងារមួយថ្ងៃៗដើរផឹកតែស្រាទើប ម្តាយក្មេកទ្រាំលែងបានក៏បានស្តីប្រដៅ ក្នុងនាមជាកូន ចង់ឲ្យល្អនិងចង់ឲ្យកូនខំប្រឹងរកស៊ីក្រែងមានបាននិងគេ តែបែជាកូនខឹងនិងទាញកៅអីដេញវាយទៅលើស្រ្តីដែលត្រូវជាម្តាយក្មេកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយអន្តរាគមន៍ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពីបង្កហិង្សាក្នុងគ្រួសារ ផ្អែកទៅតាមបណ្តឹង ម្តាយក្មេកបុរសខាងលើសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយបន្ត៕


មតិយោបល់