ព័ត៌មានជាតិ

រថយន្តសណ្តោងធន់យក្សរេចង្កូចឡើងលើទ្រូងផ្លូវ បុកទម្រុះរបងថ្មដីឡូត៍មួយកន្លែង

ភ្នំពេញ: រថយន្តសណ្តោងធន់ធំមួយគ្រឿង បើកបោះពួយយ៉ាងលឿន ហើយមិនដឹងថាយ៉ាងម៉េចស្រាប់តែរេចង្កូតទៅឡើងសួនច្បារចែកទ្រូងផ្លូវ ឆ្លងទៅផ្លូវម្ខាងទៀតបុកទម្លុះរបងថ្មដីឡូត៍មួយកន្លែងខ្ទេចទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខដីឡូត៍ទុកចោលមួយកន្លែងជាប់ខាងត្បូងក្រុមហ៊ុនក្រឡុងស៉ីមងត៍SCG តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើកហេតុគេឃើញបុរសពីរនាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ជាប្រភេទរថយន្តសណ្តោងធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ 3C-1958 ដោយធ្វើដំណើរ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុមិនដឹកថារថយន្តខាងលើកើតអីនេះទេ ស្រាប់តែរថយន្តរេចង្កូតទៅខាងឆ្វេងទៅឡើងលើសួនច្បារចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតស្មៅអស់មួយចំនួន តែរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលឡើងសួនឆ្លងផ្លូវទៅបុករបងថ្មដីឡូត៍ទុកចោលខាងលើបាក់រលំអស់មួយផ្ទាំងដែលមានទំហំប្រមាណ៥ម៉ែត្រ៤ជ្រុង។ ចំណែកឯរថយន្តរងការខូចខាតបែកកញ្ចក់និងក្រពឹតផ្នែកខាងមុខ រីឯអ្នកបើកបររថយន្តរួមទាំងព្រូបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់