ព័ត៌មានជាតិ

រន្ធត់ណាស់!​ កម្មករសំណង់ម្នាក់ ធ្លាក់ពីលើអាគារ កំពុងសាងសង់របស់ក្រុមហ៊ុនបុរី ៩៩៩ ជាន់ទី២១ ស្លាប់ក្នុងមន្ទីរពេទ្យ

ភ្នំពេញៈ កាលពីវេលាម៉ោង១ និង៤០នាទីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអាគារជាន់ទី២១ ដែលកំពុងសាងសង់របស់ក្រុមហ៊ុនបុរី៩៩៩ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅចំណុចការដ្ឋានសំណង់របស់ក្រុមហ៊ុនបុរី ៩៩៩ ផ្លូវ២៧១ កែងផ្លូវ ១៨៧ ក្នុងក្រុម១៦ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉េង សារិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្ន ក្នុងការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ​រួមនិងកម្មករ ៩នាក់ទៀត បានឡើងទៅធ្វើការ នៅលើអាគារសំណង់កើតហេតុ។​
ក្រោយមកជនរងគ្រោះរួមនិងកម្មករ៦នាក់ទៀត ត្រូវបានមេការប្រើឲ្យទៅរុះរើក្តារពុម្ព និងដែកពុម្ព នៅជាន់ទី២១ ដែលសាងសង់រួច ។ នៅពេលដែលកំពុងធ្វើការ ជនរងគ្រោះបានលើកក្តារពុម្ពដើរថយក្រោយ ទើបបណ្តាលឲ្យធ្លាក់ តាមចន្លោះជណ្តើរយន្ត ចុះមកក្រោម ដែលមានជម្រៅប្រហែលជាង១ម៉ែត្រ ។

ក្រោយកើតហេតុ ក្រុមកម្មករបានលើកជនរងគ្រោះ ដាក់លើម៉ូតូដឹកយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី រហូតដល់ម៉ោង៣រសៀល ថ្ងៃដដែល ស្រាប់តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយក៏បានយកសពជនរងគ្រោះ ទៅតម្កល់ទុកក្នុងសាលតម្កល់ដាក់សពក្នុងមន្ទីរពេទ្យរុស្ស៊ី រហូតដល់ម៉ោង៧យប់ ខាងមន្ទីរពេទ្យ ក៏រាយការណ៍ជូនសមត្ថកិច្ច។

ភ្លាមៗផងដែរសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន និងនគរបាលបច្ចេកទេសវិទ្យសាស្ត្ររាជធានីភ្នំពេញ បានចុះទៅសាកសួរ និងធ្វើកំណត់ហេតុ រួមទាំងកោសល្យវិច័យទៅលើសព ឃើញមានការប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ ទើបបណ្តាលឲ្យស្លាប់បែបនេះតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយខាងគ្រួសារជនរងគ្រោះ មិនបានធ្វើការប្តឹងផ្តល់អ្វីនោះទេ៕

មតិយោបល់