ភ្នំពេញៈ យោងតាមពាក្យបណ្តឹងដែលអង្គភាពសារព័ត៌មានយើងទទួលបាន មានប្រជាពលរដ្ឋ ជាសាច់ញាតិរបស់ជនជាប់ចោទកំពុងជាប់ឃុំ ក្នុងពន្ធនាគារ បានដាក់ពាក្យប្តឹង មេធាវី ២នាក់ នៃការិយាល័យ មេធាវី អិន ស៊ី ធី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធ ករណី ស៊ីដាច់លុយ ២៥,០០០ដុល្លារ ដោយរត់ការដោះជនជាប់ចោទមិនបានសម្រេច ដូចការសន្យា។
មេធាវីដែល ប្រជាពលរដ្ឋប្តឹងមានទី១ឈ្មោះ នូ ចន្ថា និងទី២ឈ្មោះ ថា សុភ័ក្ត្រ ជាក្រុមមេធាវីនៃការិយាល័យ មេធាវី អិន ស៊ី ធី មានទីតាំងផ្ទះលេខ៣០ អឺ១ ផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅក្នុងពាក្យបណ្តឹងនោះ មានឈ្មោះ ព្រំ ផល្លី និងឈ្មោះ ព្រំ ចន្នី ជាដើមបណ្តឹង ដោយបានរៀបរាប់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ប្តីរបស់បងប្អូនពួកគាត់ ទីឈ្មោះ ស៊ុន សៀង និងទី២ឈ្មោះ ហេង សាន មានរឿងរ៉ាវ នៅតុលាការ ដោយមានដីកាឃុំខ្លួនចំនួន ២សំណុំរឿងផ្សេងគ្នា។
ក្រោយមក មានមន្ត្រីធំម្នាក់នៅសាលាឧទ្ធរណ៍ បានណែនាំពួកគាត់ឱ្យទៅពឹងពាក់លោកមេធាវី នូ ចន្ថា និងលោកមេធាវី ថា សុភ័ក្ត្រ ឱ្យជួយការពារក្តីឱ្យ ជនជាប់ចោទឈ្មោះ ស៊ុន សៀង និងឈ្មោះ ហេង សាន ដោយបង់ប្រាក់ថ្លៃសេវាការពារចំនួន ៥០០០ដុល្លារ និងឱ្យលុយចំនួន ២៥,០០០ដុល្លារដើម្បីយកទៅ សូកតុលាការ ឱ្យជួយពន្លឿនការបើកសវនាការជំនំជម្រះក្តី និងដោះលែងជនជាប់ចោទឱ្យមានសេរីភាពវិញ។
ពាក្យបណ្ដឹងដដែលបានរៀបរាប់បន្ដថា លុយ ២៥,០០០ដុល្លារនោះ គឺលោកមេធាវី នូ ចន្ថា និងលោកមេធាវី ថា សុភ័ក្ត្រ សន្យាថាយកទៅ ជូនតុលាការ ដើម្បីឱ្យបើកសវនាការជំនំជម្រះទោស និងសម្រេចដោះលែងជនជាប់ចោទ ឈ្មោះ ស៊ុន សៀង និងឈ្មោះ ហេង សាន ឱ្យមានសេរីភាពវិញត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ប៉ុន្តែបែរជាមិនអាចធ្វើបានទើបដើមបណ្តឹង សម្រេចចិត្តដាក់ពាក្យប្តឹង ទៅអង្គភាពប្រឆាំង អំពើពុករលួយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ ឱ្យជួយរកយុត្តិធម៌ឱ្យតែម្តងទៅ។
ពាក់ព័ន្ធករណីពលរដ្ឋប្តឹងនេះ លោកមេធាវី នូ ចន្ថា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះថា លោកមិនបានដឹងរឿង លុយកាក់យកទៅសូកប៉ាន់តុលាការអ្វីនោះទេ លោកដឹងត្រឹមត្រូវទៅការពារសិទ្ធិជូនកូនក្តីតាមកាតព្វកិច្ច និងវិជ្ជាជីវៈតែប៉ុណ្ណោះ រឿងអ្នកណាពុករលួយជារឿងរបស់គេ លោកអត់ដឹងនោះទេ។
សូមបញ្ជាក់ថា លោកមេធាវី នូ ចន្ថា មានអត្តលេខ ២៤៧ បានធ្វើសម្បថចូលជាមេធាវីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០២ និងបានក្លាយទៅជាមេធាវីពេញសិទ្ធិនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣។
គួររំឭកថា កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅ ប្រជាពលរដ្ឋជិត១០គ្រួសារ នៅខេត្តកំពត បានប្តឹងលោក ខូវ ណារ៉ូ
មេធាវីនៃ ការិយាល័យ មេធាវី KLSK LAW GROUP មានអាសយដ្ឋានផ្ទះ លេខ ២៨៧ ផ្លូវសំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណី រត់ការសុំឱ្យ តុលាការ ខេត្តកំពត ឱ្យតំកល់រឿងទុកឥតចាត់ការ ឱ្យដោះលែងកូនក្តី នៅក្រៅឃុំ និងរឿងកាន់កាប់អាវុធ ផងដែរ។
កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ អង្គភាពប្រឆាំង អំពើពុករលួយ បានឃាត់ខ្លួន មេធាវីម្នាក់ ឈ្មោះ ពេជ រតនា មាន អត្តលេខ៣៤៦ ពាក់ព័ន្ធរឿង សូកប៉ាន់ តុលាការក្រុងភ្នំពេញ និងធ្លាប់ត្រូវបាន តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន និងផ្ដន្ទាទោសដាក់ពន្ធនាគារផងដែរ។
ចំណែកមេធាវីម្នាក់ទៀតឈ្មោះ អ៊ិត ពិសិដ្ឋ រង្សី មានអត្តលេខ៩៩១ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ រាជធានីភ្នំពេញបានមួយរយៈ ពាក់ព័ន្ធ ករណីប្រព្រឹត្ត ហិង្សាដោយប្រើប្រាស់ អាវុធខ្លីបាញ់ ឱ្យពលរដ្ឋស្លូតត្រង់ រងរបួសនៅក្នុងវង់ផឹកស៊ី នៅក្បែរ ផ្ទះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីចុងឆ្នាំ ២០១៧ កន្លងទៅផងដែរ៕
មតិយោបល់