ភ្នំពេញៈ ថ្លែងប្រាប់ Postnews នៅព្រឹកថ្ងៃទី១៩ មិថុនា នេះ អ្នកនាងសុខ ចាន់ធីតា ហៅកាតុ បានអះអាងថា ស្វាមីរបស់ខ្លួននៅតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ដដែលទេ ប៉ុន្តែចំពោះអាការៈបានប្រសើរជាងមុន។ អ្នកនាងថា លោកត្រូវបានដកឧបករណ៍អុកស៊ីសែនចេញ និងអាចដកដង្ហើមបានស្រួលវិញហើយ ប៉ុន្តែនៅចុកស្មារខាងស្ដាំ និងនៅអស់កម្លាំងតិច។
អ្នកនាងតាតុបានបញ្ជាក់ពីហេតុផលដែលនាំឲ្យមានបញ្ហានេះថា គឺបណ្ដាលមកពីស្វាមីរបស់អ្នកនាងពិសារឆាក្ដៅមានជាតិហិរ ដែលខុសពីដំណមរបស់ពេទ្យវៀតណាម។
អ្នកនាង ថាស្វាមីរបស់ខ្លួនចាប់ផ្ដើមចុកក្រពះ ហើយច្រាលទៅចុកដល់ទ្រូង និងចាប់ផ្ដើមញ័រញាក់ក្នុងកម្រិតធ្ងន់ដូចមុនវះកាត់នៅវៀតណាមតែម្ដង ទើបតម្រូវឲ្យអ្នកនាងបញ្ជូនយ៉ាងបន្ទាន់ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រទាំងយប់នៅវេលាម៉ោង៩យប់។ អ្នកនាងថា លោកខ្យងជាស្វាមី នឹងត្រូវទៅកាន់វៀតណាមនៅដើមខែកក្កដាខែក្រោយ ដើម្បីពិនិត្យទុយោបេះដូងដែលវះកាត់ប្ដូរ ប៉ុន្តែដោយសារស្ថានភាពស្រាប់តែធ្វើទុក្ខបែបនេះ អ្នកនាងអាចនឹងឡើងទៅកាន់វៀតណាមមុនកំណត់។ អ្នកនាងថាស្ថានភាពរបស់ស្វាមីនៅមិនទាន់ប្រាកដថាយ៉ាងណានៅឡើយទេ ដោយសារតែមួយយប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ គ្រូពេទ្យមិនទាន់ឲ្យចេញពីបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។
លោកខ្យងនៅមិនទាន់ដឹងថា ត្រូវចេញទៅផ្ទះថ្ងៃនេះ ឬថ្ងៃណាឲ្យប្រាកដនោះទេ ដោយអ្នកនាងបានត្រឹមតែអះអាងថាចាំ មើលលទ្ធផលពេញមួយថ្ងៃទី១៩ មិថុនានេះសិន។
អ្នកនាងសុខ ចាន់ធីតា បញ្ជាក់ថា ស្វាមីរបស់ខ្លួន ស្ថិតនៅបន្ទប់សង្ឡ្រោះបន្ទាន់ ខាងផ្នែកបេះដូងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដោយខាងមន្ទីរពេទ្យមិនអនុញ្ញាតិឲ្យថតរូបឡើយ ទើបនៅក្នុងគណនេយ្យរបស់អ្នកនាងមិនមានបង្ហាញពីស្ថានភាពរបស់ស្វាមី៕
មតិយោបល់