ក្នុងបទចោទប្រកាន់ ចូលរួម ក្នុងការប្រមូលផ្តុំខុសច្បាប់ នៅមុខទីស្នាក់ការប៉ូលិស កាលពីឆ្នាំ ២០១៩ កញ្ញាAgnes Chow សកម្មជនទាមទារប្រជាធិបតេយ្យហុងកុង ត្រូវបានអាជ្ញាធរដោះលែង នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានជាប់ពន្ធនាគារ ៧ខែ
ជាមួយ សកម្មជនប្រជាធិបតេយ្យ ពីរនាក់ផ្សេងទៀត គឺ Joshua Wong និង Ivan Lam ដែលរងការចោទប្រកាន់ដូចគ្នា កញ្ញា Agnes Chow អាយុ ២៤ឆ្នាំ ត្រូវបានតុលាការហុងកុងសម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ១០ខែ។ នៅពេល Joshua Wong និងIvan Lam នៅតែជាប់ក្នុងពន្ធនាគារដដែល អាជ្ញាធរហុងកុង មិនបានពន្យល់ថា ហេតុអ្វី បានជាគេដោះលែង នាង Agnes Chow ឲ្យមានសេរីភាព មុនកាលកំណត់នោះទេ។

នៅពេលដើរចេញពីពន្ធនាគារ នាងAgnès Chow ផ្ទាល់ ក៏មិនបាននិយាយអត្ថាធិប្បាយអ្វី ប្រាប់អ្នកកាសែតដែរ។ ទោះមានសេរីភាព លើកនេះ នាង Agnès Chow នៅ មិនទាន់រួចផុតទាំងស្រុង ពីសំណាញ់ច្បាប់ ស្តីពីសន្តិសុខជាតិហុងកុង ដែលទីក្រុងប៉េកាំង បានចាប់អនុវត្ត តាំងពីខែ កក្កដាឆ្នាំមុននោះទេ។ ជាមួយមហាសេដ្ឋី ហុងកុង លោកជីមី ឡៃ នាង Agnès Chow ត្រូវអាជ្ញាធរហុងកុង ចោទប្រកាន់ ផងដែរ ពីបទញុះញង់ ឲ្យមានការបះបោរបំបែកទឹកដី និងសហការបម្រើផលប្រយោជន៍ឲ្យបរទេស។
និយាយភាសា ជប៉ុនស្ទាត់រត់មាត់ កញ្ញា Anges Chowឧស្សាហ៍សរសេរសារទ្វីត ជាភាសាជប៉ុន និងធ្វើដំណើរញឹកញាប់ ទៅជប៉ុន។ នៅក្នុងក្រសែភ្នែករបស់យុវជនជប៉ុន នាង Anges Chowជាទេពធីតា ប្រជាធិបតេយ្យ។

ជាមួយ Joshua Wong ដែលកំពុងជាប់ក្នុងពន្ធនាគារ ក្នុងបទចោទប្រកាន់ជាច្រើន ទៅតាមច្បាប់ការពារសន្តិសុខជាតិ នាង Anges Chow ធ្លាប់បានចូលរួម សកម្មក្នុងចលនាបដិវត្តន៍ឆ័ត្រ កាលពី ឆ្នាំ ២០១៤ ដើម្បី ទាមទារការបោះឆ្នោតជាសកលនៅទីក្រុងហុងកុង។ នៅឆ្នាំ ២០១៩ Agnès Chow និងសកម្មជនប្រជាធិបតេយ្យវ័យក្មេងជាច្រើនទៀត បានលើកគ្នា ទៅប្រមូលផ្តុំ នៅមុខទីស្នាក់ការប៉ូលិសហុងកុង ដើម្បីទាមទារឲ្យគេលុបចោលច្បាប់ធ្វើបត្យាប័នទៅប្រទេសចិន។

ច្បាប់ដ៏ចម្រូងចម្រាសនេះបានបណ្តាលឲ្យមានបាតុកម្ម ប្រឆាំងរដ្ឋអំណាចហុងកុង ជាច្រើនខែ នៅមុនពេលទីក្រុងប៉េកាំង សម្រេចបង្កើត អនុវត្តច្បាប់ សន្តិសុខជាតិហុងកុង នៅ ខែកក្កដា។ នៅថ្ងៃសៅរ៍ ទី១២មិថុនា នេះ ដែលជាខួប ២ឆ្នាំ នៃមហាបាតុកម្ម ប្រឆាំងច្បាប់ធ្វើបត្យាប័ន ប៉ូលិស ជាង ២ពាន់នាក់ ត្រូវបានពង្រាយ នៅទីក្រុងហុងកុង។ ក្រោមច្បាប់ការពារសន្តិសុខជាតិ ហុងកុង បាតុកម្ម និងការជួបជុំដើម្បី រំលឹកខួប ការបង្រ្កាប នៅទីលានធានអានមេន ត្រូវហាមឃាត់ ជាមួយ ហេតុផល ទប់ស្កាត់ការចម្លងមេរោគកូវីដ។ ប៉ុន្តែ នៅថ្ងៃសៅរ៍នេះ អាជ្ញាធរហុងកុង មិនបានហាមឃាត់ជាផ្លូវការមិនឲ្យមានការជួបជុំនោះទេ៕

មតិយោបល់