ស្ទឹងត្រែង: ស្ត្រីម្នាក់បានស្លាប់ដោយសារមានជម្ងឺថប់ដង្ហើម ព្រោះតែគ្មានការពិនិត្យដិតដល់ពីសំណាកគ្រូពេទ្យ ខណៈអ្នកជម្ងឺត្រូវបានក្រុមគ្រួសារយកមកដល់មន្ទីពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៦។
យោងតាមសម្តីរបស់បុរសជាប្តីបានប្រាប់ Post News ថា ប្រពន្ធរបស់គាត់ មានជម្ងឺថប់ដង្ហើម ចេះតែស្ទះៗដង្ហើម ជាញឹកញាប់ ទើបបុរសជាប្តីនាំស្ត្រីរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ទាំងយប់ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោងប្រហែលជា៨យប់ ពេលនោះលោកគ្រូពេទ្យក៏បានធ្វើការពិនិត្យមើលជម្ងឺ បន្ទាប់មកក៏បញ្ជូនទៅបន្ទប់ពិនិត្យជម្ងឺទូរទៅ លុះដល់ពេលព្រឹកថ្ងៃអាទិត្យ លោកគ្រូពេទ្យក៏បានបូមឈាមស្ត្រីរងគ្រោះទៅពិនិត្យមើល ក្រោយមកទើបដឹងថា អ្នកជម្ងឺមានជម្ងឺខ្សោយបេះដូង លុះមកដល់ម៉ោង៤ទាបភ្លឺឈានចូលព្រឹកថ្ងៃច័ន្ទទី២៥ ខែឆ្នាំដរដែល អ្នកជម្ងឺមានអការៈធ្ងន់ធ្ងរជាងមុន បុរសជាប្តីបានរត់ទៅដាស់អ្នកយាម ដើម្បីឲ្យជួយហៅគ្រូពេទ្យ មកជូយសង្គ្រោះប្រពន្ធគាត់
ប៉ុន្តែពេលនោះមិនមានអ្នកណាម្នាក់ឆ្លើយតបនឹងគ្មានអ្នកណាម្នាក់មកជួយសង្គ្រោះទេ។
លុះព្រឹកឡើងថ្ងៃអាទិត្យក៏មានគ្រូពេទ្យម្នាក់ផ្សេងទៀត មកពិនិត្យរួចនិយាយថា អ្នកជម្ងឺខ្វះឈាម ត្រូវការបញ្ចូលឈាមជាបន្ទាន់ ពេលនោះគ្រូពេទ្យក៏បានយកឈាមមួយផ្លោកមក
បញ្ចូល ប៉ុន្តែក្រោយពេលបញ្ចូលឈាមបានមួយផ្លោករួចមក ស្ត្រីរងគ្រោះក៏នៅតែមិនបានធូរស្បើយ ក្រោយមករយៈពេល២ទៅ៣ម៉ោងនៅព្រឹកថ្ងៃអាទិត្យដដែល ស្រាប់តែមានលោកគ្រូពេទ្យម្នាក់ទៀតមកពិនិត្យមើលរួចនិយាយថា អ្នកជម្ងឺគួរតែបញ្ចូលឈាមតាំងពីម្សិលមិញតែមកដល់ពេលនេះ អ្នកជម្ងឺហួសពេលដែលត្រូវព្យាបាលបាត់ទៅហើយ។
ប្តីស្ត្រីរងគ្រោះបន្តថា ប្រពន្ធរបស់គាត់ឈ្មោះ សេក សុផល អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បុរសជាប្តីបញ្ជាក់ថា ការស្លាប់របស់ប្រពន្ធគាត់គឺបណ្តាលមកពីលោកគ្រូពេទ្យដែលធ្វើការក្នុងមន្ទីរពេទ្យបង្អែកខេត្តមិនយកចិត្តទុកដាក់ក្នុងការព្យាបាលជម្ងឺទើបធ្វើឲ្យប្រពន្ធរបស់គាត់ស្លាប់បាត់បង់ជីវិតបែបនេះ។
បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
មតិយោបល់