ព័ត៌មានជាតិ

តុលាការប្រកាសសាលក្រមរឿង ជួញដូរគ្រឿងញៀនក្នុងគុកជិត ១គីឡូក្រាម នៅដើមខែមេសា

ភ្នំពេញៈ សំណុំរឿងទណ្ឌិតបញ្ជាចេញពីក្នុងពន្ធនាគារខេត្តសៀមរាប ឲ្យកូនចៅ២នាក់នៅខាងក្រៅលក់គ្រឿងញៀន ជិត១គីឡូក្រាម ត្រូវបានលោក ហេង សុខណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការកាត់ទោល ហើយកាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ។

លោក ស៊ឺ ឡងឌី តំណាងអយ្យការ នៃសវនាការ បានចោទប្រកាន់លើជនជាប់ចោទ៖
-ទី១ឈ្មោះ ឈួន វណ្ណដា ភេទប្រុស អាយុ ៤៩ឆ្នាំ ជាអ្នកបញ្ជាចេញពីពន្ធនាគារខេត្តសៀមរាប
-ទី២ឈ្មោះ ផា និត ភេទប្រុស អាយុ ៤១ឆ្នាំ
-និងទី៣ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ ជាអ្នកចាំយកគ្រឿងញៀនឱ្យភ្ញៀវតាមបញ្ជារបស់ជនជាប់ចោទឈ្មោះ ឈួន វណ្ណដា

ពីបទ ជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ និងនៅក្នុងបន្ទប់លេខ១៩ ក្នុងពន្ធនាគារខេត្តសៀមរាប យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

ក្នុងសវនាការ កាលពីរសៀលម្សិលមិញជនជាប់ចោទឈ្មោះ ឈួន វណ្ណដា បានសារភាពថាខ្លួនពិតជាម្ចាស់គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសនោះមែន។

ជនជាប់ចោទរូបនេះបានបន្តថា ខ្លួនទិញគ្រឿងញៀនទាំងអស់នេះ ពីជនជាតិថៃនៅលើទឹកក្នុងដីថៃ ក្នុងមួយគីឡូតម្លៃ ពី ១៣ ,០០០ ដុល្លារទៅ ១៤,០០០ដុល្លារ ហើយលក់ចេញវិញក្នុងតម្លៃ ១៦,០០០ដុល្លារទៅ ១៧, ០០០ដុល្លារ ។

ចំណែកជនជាប់ចោទឈ្មោះ ផា និត បានសារភាពថាខ្លួនគេជាកូនចៅរបស់ឈ្មោះ ឈួន វណ្ណដា មានភារកិច្ចចាំស្តាប់បទបញ្ជា របស់មេ ក្នុងការនាំយកគ្រឿងញៀនឲ្យអតថិជន តាមគោលដៅ។

ដោយឡែកជនជាប់ចោទឈ្មោះ ឈួន សំណាង បានឆ្លើយយករួចខ្លួនថា រូបគេមិនពាក់ព័ន្ធនឹងរឿងជួញដូរគ្រឿងញៀននេះទេ គឺបងប្រុសគេឈ្មោះ ឈួន វណ្ណដា និងឈ្មោះ ផា និត ជាអ្នកលក់។

គួររំលឹកថា កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនក្រុមជនជាប់ចោទខាងលើ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចតាមផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ និងនៅក្នុងបន្ទប់ឃុំឃាំងលេខ១៩ ក្នុងពន្ធនាគារខេត្តសៀមរាប។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចបាន ដកហូត បាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៩៧៥.១២ក្រាម។

ទោះជាយ៉ាងណាលោកចៅក្រមបានសម្រេចប្រកាសសាលក្រមលើសំណុំរឿងខាងលើនេះនៅព្រឹកថ្ងៃទី១២ ខែមេសាឆ្នាំ២០១៨ខាងមុខ៕

មតិយោបល់