បន្ទាយមានជ័យៈ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចកាស៊ីណូហ្គោលដិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាប ករណីលួច(ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យម្នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បានទទួលពាក្យបណ្តឹងពីឈ្មោះ ពៅ ពុធ ហៅឆៃ ថាសន្តិសុខនៅកាស៊ីណូហ្គោលដិន បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដែលមានបំណងលួចយកម៉ូតូរបស់ខ្លួន( ជនរងគ្រោះ) ចេញពីកន្លែងផ្ញើម៉ូតូរបស់កាស៊ីណូហ្គោលដិន។ ក្រោយទទួលបានពាក្យបណ្តឹង លោកបានចាត់តាំងកម្លាំងចុះទៅដល់ចំណុចកើតហេតុខាងលើ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម ម៉េង ហៅសារិន សុជាតា ហៅអាចំបើង ហៅម៉េង ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត យកមកធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។ ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចចូលទៅកន្លែងផ្ញើម៉ូតូរបស់កាស៊ីណូហ្គោលដិន និងមានបំណងលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម គ្មានស្លាកលេខ ពេលដែលខ្លួន(ជនសង្ស័យ) បណ្តើរម៉ូតូ បានចម្ងាយប្រហែល ៣០ម៉ែត្រ ក៏ត្រូវបានសន្តិសុខយាមនៅទីនោះឃើញ ហើយបានឃាត់ខ្លួនតែម្តង ។ ចំណែកម៉ូតូបានប្រគលជូនទៅម្ចាស់ដើមវិញ ( ពៅ ពុធ)។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ តាមការសាកសួរបន្ថែមរបស់មន្ត្រីជំនាញ ជនសង្ស័យបានសារភាពថាខ្លួនបានលួចម៉ូតូតាមចំណុចនានាក្នុងក្រុងប៉ោយប៉ែត ចំនួន ៣លើករួចមកហើយ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អាចបញ្ជាក់ពីតម្រុយនៃពិរុទ្ធយ៉ាងជាក់លាក់ ដូចនេះជនសង្ស័យខាងលើ អាចត្រូវចោទពីបទ (លួច) ។ កម្លាំងជំនាញបានរៀបចំឯកសារបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់