ព័ត៌មានជាតិ

Update៖ បើករ៉ឺម៉កកង់បីដឹកប្រពន្ធកូនមកពីលេងមហាសង្ក្រានពោធិ៍សែនជ័យវិញ ត្រូវម៉ូតូជិះបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់!

ភ្នំពេញ: បុរសម្នាក់បានបើករ៉ឺម៉កកង់បី ដឹកប្រពន្ធកូនមកពីលេងមហាសង្ក្រានពោធិ៍សែនជ័យ បំណងទៅផ្ទះ ស្រាប់តែមានម៉ូតូហុងដាមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់​ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គង់សុវណ្ណ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

តាមសាក្សីពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំប្រពន្ធកូនទៅចូលរួមមើលពិធីមហាសង្ក្រានពោធិ៍សែនជ័យ នៅវត្តជន្លង់ម្លូ ស្ថិតក្នុងសង្កាត់ភ្លើងឆះរទះ ក្រោយពីដើរលេងរួចក៏ដឹកប្រពន្ធនិងកូនចំនួន២នាក់ទៀតមកវិញបំណងទៅបន្ទប់ជួលវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3523 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនក៏ជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើករឺម៉កកង់បីស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ចំណែកភាគីខាងម៉ូតូរងរបួសធ្ងន់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូនិងរ៉ឺម៉កកង់បីត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់