រុស្ស៊ីៈ រដ្ឋាភិបាលក្រុងម៉ូស្គូ កាលពីថ្ងៃសុក្រ បានបណ្តេញមន្ត្រីការទូត ២៣ ប្រទេសឲ្យចាកចេញពីទឹកដីខ្លួន ដើម្បីជាការសងសឹក ប្រឆាំងនឹងលោកខាងលិច ដែលបានបណ្ដេញមន្ត្រីកាទូតរុស្ស៊ី ចេញពីប្រទេសរបស់ពួកគេនាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ខ្លួនបានកោះហៅប្រធានបេសកកម្មមកពី ២៣ ប្រទេស ដែលទាំងអស់ស្ទើរតែជាសមាជិក នៃសហភាពអឺរ៉ុប ដើម្បីប្រាប់ពួកគេអំពីអ្នកការទូតណាខ្លះ ដែលត្រូវវេចបង្វេចចាកចេញ។
ប្រភពដដែលបានបញ្ជាក់ថា អ្នកការទូតមកពីប្រទេសបារាំង កាណាដា អាល្លឺម៉ង់ អូស្ត្រាលី និងបណ្តាប្រទេសផ្សេងៗទៀត ត្រូវបានគេមើលឃើញថា បានមកដល់ក្រសួងការបរទេសរុស្ស៊ី នៅក្នុងរថយន្តដែលមានទង់ជាតិសំគាល់ប្រទេសរបស់ពួកគេ។
ការផ្លាស់ប្តូរនេះ បានធ្វើទ្បើងដើម្បីឆ្លើយតបនឹងការបណ្តេញមន្ត្រីការទូតរុស្ស៊ី ពីសំណាក់ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ពួកគេ ទាក់ទងនឹងការបំពុលសម្លាប់ អតីតមន្ត្រីចារកិច្ចរុស្ស៊ីលោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia នៅទីក្រុង Salisbury ក្នុងទឹកដីចក្រភពអង់គ្លេស កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ៕
មតិយោបល់