ព័ត៌មានជាតិ

ខ្លាំងបាត់! មកសុំស្នាក់មួយយប់ ឃើញគេដេកលក់ទាញអង្រែវាយ ហើយរត់គេចខ្លួនបាត់!

​ភ្នំពេញៈ បុរសម្នាក់ដឹកដៃប្រពន្ធមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ទាំងស្ថានភាពមុខប៉ោងខៀវភ្នែក សុំការអន្តរាគមន៍ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីបុរសម្នាក់ជាមិត្តចាស់យូរមកហើយ បានសុំបន្ទប់ស្នាក់អាស្រ័យខណៈដែលកំពុងដេកលង់លក់ ស្រាប់តែបុរសនោះយកអង្រែមកវាយទាំងកម្រោល បណ្តាលឲ្យរងរបួស ហើយគេចខ្លួនបាត់។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែឆ្នាំដដែល នៅបន្ទប់ជួលភូមិទួលទង្រ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ គត់ ថេប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ធ្វើការ រោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានប្រពន្ធឈ្មោះ សោម មឿន អាយុ២៣ ឆ្នាំ មុខរបរ ធ្វើការោងចក្រ មានស្រុកំណើតនៅ ភូមិប្រ៉បសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំងកក់ ខេត្តតាកែវ។
ចំណែកជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះម៉ាប់។

តាមការៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា កាលពី៣ឆ្នាំមុនរូបគាត់និងឈ្មោះម៉ាប់មានទំនាក់ទំនងជាមួយគ្នាដោយស្គាល់តាមរយៈរត់ឌុបជាមួយគ្នា ក្រោយមកក៏បែកគ្នាមិនដែលជួបគ្នាសោះ លុះមកដល់វេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែឆ្នាំដដែល ពេលដែលរូបគាត់ចេញមកពីធ្វើការរោងចក្រវិញស្រាប់តែឈ្មោះម៉ាប់មកដល់បន្ទប់ជួលសុំស្នាក់មួយយប់សិន។

តាមសាក្សីដដែលបានបន្តថា ដោយសារតែមនុស្សធ្លាប់ស្គាល់គ្នាពីមុនទើបគាត់អនុញ្ញាតឲ្យស្នាក់នៅ លុះយប់ឡើងក៏សម្រាកក្នុងនោះមានគ្នា៣នាក់រហូតដល់វេលាម៉ោង១រំលងអធ្រាត្រ ខណៈដែលកំពុងដេកលង់លក់ស្រាប់តែឈ្មោះម៉ាប់បានយកអង្រែបុកគ្រឿងមកវាយរូបគាត់ទាំងកម្រោលភ្លាមនោះរូបគាត់ដឹងខ្លួនក៏តដៃ តែជននោះក៏រត់គេចខ្លួនបាត់បណ្តាលឲ្យគាត់រងរបួសបែកមុខមាត់ខៀវភ្នែក។
ក្រោយកើតហេតុរូបគាត់មិនបានមកដាក់ពាក្យបណ្តឹងនោះទេដោយសារតែរបួសធ្ងន់ក៏ទៅរកពេទ្យព្យាបាលសិន លុះព្រឹកឡើងទើបមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ដើម្បីសុំការអន្តរាគមន៍និងតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕

មតិយោបល់