ភ្នំពេញៈ រោងចក្រផលិតកាបូប ស្បែកមួយកន្លែងបានឆាបឆេះ បង្កជាផ្សែងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង១០ នាទីយប់ថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងរោងចក្រ ឌីឡាក់ ស្ថិតនៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាដំបូងឡើយ គេឃើញកម្មករ កម្មកានី បានរត់ចេញហើយស្រែកថា ឆេះហើយៗ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគ្រប់គ្រងរោងចក្រ ទាក់ទងទៅសមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៏ និងបានហៅរថយន្តពន្លត់អគ្គិភ័យ ៧១១ និងរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកបន្តបន្ទាប់ជាច្រើនគ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បណ្ដាលឲ្យឆេះ ម៉ាស៊ីនអ៊ុតខោអាវ ចំនួនប្រហែល៣០ គ្រឿង តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សនោះទេ និងបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យស្នងការនគរបាល រាជធានីភ្នំពេញចំនួន៦គ្រឿង បាញ់អស់ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ៧១១ចំនួន ៣គ្រឿង បាញ់អស់ចំនួន២គ្រឿង។
អគ្គិភ័យនេះរលត់ទៅវិញ នៅវេលាម៉ោង១២យប់នៅថ្ងៃ ខែ ឆ្នាំដដែល។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុមក ពីរទុស្សេខ្សែភ្លើង៕
មតិយោបល់