ភ្នំពេញៈ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវត្រូវបានកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីរសៀលថ្ងៃម្សិលមិញ នៅម្តុំមុខសាលាវិទ្យាល័យ ជាស៊ីមសាមគ្គី ក្នុងខណ្ឌទួលគោក តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបជូនថា ពាក់ព័ន្ធករណីឃាតកម្មលើជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា មន្ត្រីរដ្ឋសភា និងជាស្រីកំណាន់លោក ឡាយ វណណៈ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបញ្ជូនទៅតុលាការ ចំនួន ៥នាក់រួម៖
-ទី១ឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ
-ទី២ឈ្មោះ ចាន់ រី ភេទស្រី ជាអ្នកបម្រើនៅផ្ទះជនរងគ្រោះ
-ទី៣ឈ្មោះ ជឹម វុធ ភេទប្រុស ជាអ្នកបម្រើនៅផ្ទះជនរងគ្រោះ
-ទី៤ឈ្មោះ មេន សម័យ ភេទប្រុស ជាអ្នកបើកឡានឲ្យ លោក ឡាយ វណ្ណៈ
-និងទី៥ឈ្មោះ តាក់ រតនា ភេទប្រុស អ្នកបើកឡានឲ្យលោក ឡាយ ណារិទ្
គួររំលឹកថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
ភ្លាមៗ ករណីនេះត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា។
ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីខាងលើ មិីនមែនជារឿង អត្តឃាតឡើយ ពោលគឺរឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុក។
យោងតាមព័ត៌មានចុងក្រោយពី មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មេក្លោងធំក្នុងអំពើ ឃាតកម្មនេះ ត្រូវបាននគរបាលឃាត់ខ្លួនហើយ៕
មតិយោបល់