ភ្នំពេញៈ មានករណីបុរសម្នាក់ បានប្រើហិង្សា វាយទៅលើប្រពន្ធ បណ្តាលឲ្យជាំភ្នែកម្ខាង និងជាំដៃម្ខាងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងនៅកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ មុខផ្ទះគ្មានលេខ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងត្រូវសមត្ថកិច្ចហៅមកបំភ្លឺទាំង២នាក់ប្តីប្រពន្ធ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ ប៉ាត់ ប៉ូលីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ វាលវង់ ខណ្ឌ៧មករា ។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ យិនសុនី មុនីរ៉ា អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ ជនសង្ស័យបានយកម៉ូតូរបស់ប្រពន្ធទៅជិះ តែប្រពន្ធបានទៅយកម៉ូតូមកវិញ ក៏ត្រូវបានជនសង្ស័យជាប្តីប្រើអំពើហិង្សាវាយមកលើ ប្រពន្ធប ណ្តាលឲ្យរបួសជាំភ្នែកខាងស្តាំ និងជាំដៃខាងឆ្វេង រួចត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ លុះដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ម៉ោង១រំលងអាធ្រាត ជនសង្ស័យបានផឹកស្រាស្រវឹងដើរមកផ្ទះឪពុកក្មេក ដើម្បីហៅជនរងគ្រោះឲ្យបើកទ្វារ តែជនរងគ្រោះ និងឪពុកក្មេកមិនបើកទ្វារឲ្យ ទើបជនសង្ស័យជាប្តីបានធាក់របងផ្ទះ ជេរប្រមាថ និងគម្រាមកំហែងស្រែកឡូឡាពេញភូមិ ក៏ត្រូវបានឪពុកជនរងគ្រោះ ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនមកប៉ុស្តិ៍ធ្វើការសាកសួរតែម្តង៕
មតិយោបល់