កណ្ដាលៈ លោកអធិការស្រុកខ្សាច់កណ្ដាល បានប្រាប់ Post News ថា មានករណីក្មេងលង់ទឹកស្លាប់ម្នាក់ កាលពីវេលាម៉ោង ១៥ និង៣០ នាទីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៨ ចំណុចភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ តឿន ហុងម៉ី ភេទ ប្រុស អាយុ ១ឆ្នាំ២ខែ មានឪពុកឈ្មោះ ឌឿ តឿន អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ និងម្តាយឈ្មោះ លន សេងហាច អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មការនីរោងចក្រ អ្នកទាំងបីមានទីលំនៅភូមិឃុំកើតហេតុ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ដោយសារឪពុកម្តាយជនរងគ្រោះ បានទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ ទើបទុកឲ្យជនរងគ្រោះ នៅជាមួយជីដូន ឈ្មោះ សែម រឿង អាយុ ៦៨ ឆ្នាំ។ លុះថ្ងៃខែកើតហេតុខាងលើ ជីដូនបានដងទឹកពាងស្រោចដំណាំមុខផ្ទះ រីឯជនរងគ្រោះអង្គុយលេងម្នាក់ឯង នៅក្រោមផ្ទះ។ រហូតដល់ម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃដដែល ជីដូនស្រោចដំណាំរួច បាត់ជនរងគ្រោះរកមិនឃើញ បន្ទាប់មកបានទៅរកជនរងគ្រោះ នៅក្នុងបង្គន់ក្រោយផ្ទះ ស្រាប់តែឃើញជនរងគ្រោះលងទឹក ក្នុងអាងទំហំ ០,៤០ x ០,៨០ ម៉ែត្រជម្រៅ ០,៥០ ម៉ែត្រ មានសភាពដេកផ្កាប់មុខ ឃើញដូចនោះ ជីដូនបានលើកជនរងគ្រោះ មកក្រៅធ្វើចលនាសង្គ្រោះបឋម តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ទៅរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ័យធំ បន្ទាប់មកសមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ មេភូមិ មេឃុំ គ្រូពេទ្យ និងក្រុមគ្រួសារ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ ឃើញថា សាកសពមានសភាពប៉ោងពោះ មានទឹកហូរតាមមាត់ និងច្រមុះ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់