ព័ត៌មានជាតិ

ព្រឹកស្អែកក្រសួងយុត្តិធម៌នឹងបើកកិច្ចប្រជុំ ពិនិត្យ និងវាយតម្លៃការស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ទណ្ឌិតនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញៈ យោងតាមការឲ្យដឹងរបស់ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមTelegram នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះថា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ ក្រសួងយុត្តិធម៌ នឹងបើកកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ដែលបានដាក់ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យសំណើសុំបន្ថូរបន្ថយទោស និងលើកលែងទោស នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។

អ្នកនាំពាក្យដដែលបានបន្ថែមថា កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

នៅក្នុងកិច្ចប្រជុំនេះ មានទណ្ឌិតស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស សរុប ៣២១នាក់ (ស្ត្រី២៨នាក់) មកពីពន្ធនាគារចំនួន២០ ទូទាំងរាជធានី-ខេត្ត និងមកពីមណ្ឌលអប់រំកែប្រែរបស់ក្រសួងមហាផ្ទៃ ចំនួន ០៤។

ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោស គឺសម្រាប់ទណ្ឌិតដែលគោរពលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ ដោយមិនបានធ្វើជាពិសេសអ្វីដល់ ទណ្ឌិតដែលអះអាងថា ខ្លួនជាអ្នកទោសនយោបាយឡើយ។

សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗកម្ពុជា បានលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ៣លើក រួម មាននៅ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ព្រះរាជពិធីបុណ្យអុំទូក និង បុណ្យពិសាខបូជា។

ការលើកលែង និង បន្ធូរបន្ថយទោសដល់ទណ្ឌិត ធ្វើឡើងតាម សំណើរបស់នាយករដ្ឋមន្ត្រី ទៅព្រះមហាក្សត្រ។

គួររំលឹកថា ពាក់ព័ន្ធករណីបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ធ្លាប់បានព្រមានថា មិនឲ្យមានការដាក់ស្នើលើកលែងទោស ឬបន្ធូរ បន្ថយទោស ចំពោះទណ្ឌិត ដែលមានបទល្មើស ប្លន់ប្រដាប់អាវុធ និងឈ្មួញ គ្រឿងញៀនធំៗ ឬបើស្នើមកសម្តេចជាអ្នកពិនិត្យមើលផ្ទាល់ម្តងមួយៗដោយប្រុងប្រយ័ត្នបំផុត ព្រោះសម្តេចលែងទុកចិត្ត។

សម្តេចលើកឡើងថា ការប្រុងប្រយ័ត្ននេះព្រោះតែជនសង្ស័យជាចោរប្លន់ និងជួញដូរគ្រឿងញៀន ភាគច្រើនជាមុខសញ្ញាចាស់ នៅពេលសមត្ថកិច្ចចាប់បាន ខណ:មានអ្នកដែលកែប្រែបានតិចតួចពេលទទួលបានការលើកលែងទោស។

សម្តេចសង្កត់ធ្ងន់ថា ទណ្ឌិតជាចោរប្លន់ និងអ្នកជួញដូរគ្រឿងញៀន ចេញពីគុកលឿនជាងទណ្ឌិតធម្មតា រហូតមានជនជាប់ឃុំខ្លះត្រូវតុលាការឃុំលើសនីតិវិធីក៏មាន៕

មតិយោបល់