បាត់ដំបងៈ លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់Post Newsថា នៅថ្ងៃអង្គារ៍៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤០នាទីយប់ នៅចំណុចក្រុមទី២៩ ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយអនុវត្តតាមបទបញ្ជា លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលបន្ទុកផែនយុត្តិធម៌ សហការជាមួយកម្លាំងស្រុកថ្មគោល និងកម្លាំងនគរបាលប៉ុស្តិ៍តាម៉ឺន ប៉ុស្តិ៍តាពូង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីឃាតកម្ម។
ជនសង្ស័យមានឈ្មោះ បឿន សំប៊ុស ហៅប៉ាវ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ពាក់ពន្ធ័ក្នុងករណីឃាតកម្ម (លើគ្រួសារ) ឈ្មោះ កាន់ នីកា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤ទៀបភ្លឺ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់