ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករ៉ឺម៉កពីក្រោយ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ

កណ្តាល: នៅថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូរ៉ឺម៉កបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងខូចខាតម៉ូតូមួយគ្រឿងធ្ងន់ រីឯម៉ូតូរ៉ឺម៉កបើករត់គេចបាត់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៥០-៥១ ស្ថិតក្នុង ភូមិគគីរធំ ឃុំ គគីរធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ផលិតឆ្នាំ ២០០៩ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1BZ-9492 បើកបរដោយឈ្មោះ វ៉ែន គង្គា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ សំរោងក្អែរ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករ៉ឺម៉កម៉ូតូពីក្រោយ ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកម៉ូតូរ៉ឺម៉កបានបើករត់គេច មុនពេលសមត្ថកិច្ចប៉ុស្តិ៍ចុះមកដល់ (មិនស្គាស់អត្តសញ្ញាណ) ។

ចំពោះសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងយកមករក្សាទុក ដើម្បីបន្តនីតិវិធី ៕

មតិយោបល់