ព័ត៌មានជាតិ

«អូននៅឯណា ត្រលប់មកផ្ទះវិញអត់» អាណិតគាត់ណាស់ បាត់ប្រពន្ធជិត១ខែ រត់មកប្តឹងសមត្ថកិច្ច!

​ភ្នំពេញៈ បុរសម្នាក់បានដឹកម្តាយបង្កើតមកប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឲ្យជួយក្រោយពេលប្រពន្ធរបស់ខ្លួនបាត់ពីផ្ទះជិត១ខែ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។

បុរសខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា រូបគាត់និងប្រពន្ធបានរៀបការជាមួយគ្នាតាមប្រពៃណីដែលមានចាស់ទុំដឹងឮអស់រយៈពេល៨ឆ្នាំមកហើយ ដោយបានចំណងដៃកូនប្រុស២នាក់ក្នុងបន្ទុកដែលកំពុងតែសិក្សានៅសាលាអង្គការ។ គាត់បានបន្តទៀតថា ប្រពន្ធរបស់គាត់មានឈ្មោះ ហេង សុភណ្ឌ័ អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិដុល ឃុំវិហារសួគ៍ ស្រុកមុខកំពូល ខេត្តកណ្តាល ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ចំណែករូបគាត់មានឈ្មោះ ផេង សំរេច អាយុ៣៣ឆ្នាំ មុខរបរ ជាងសំណង់ មានស្រុកកំណើតនៅភូមិក្រសាំងជ័យ ឃុំបារាយ ស្រុកបារាយខេត្តកំពង់ធំ ស្នាក់បន្ទប់ជួលជាមួយគ្នា។

ក្រោយពេលរៀបការរួចគាត់ក៏បាននាំប្រពន្ធទៅនៅឯស្រុកកំណើតរបស់គាត់នៅឯខេត្តកំពង់ធំប្រកបមុខរបរជាកសិករ តែដោយសារតែជីវភាពរបស់គាត់ខ្វះខាតគាត់ក៏បានសម្រេចចិត្តនាំប្រពន្ធកូនរបស់គាត់ចាកចេញពីស្រុកមកនៅភ្នំពេញ ដោយបានសុំអង្គការឲ្យកូនប្រុសទាំង២នាក់របស់គាត់បានចូលរៀននៅសាលាអង្គការ។ ចំណែកគាត់ធ្វើជាជាងសំណង់រីឯប្រពន្ធគាត់បានចូលកាត់ដេរនៅរោងចក្រ ហើយគ្រួសាររបស់គាត់មិនដែលបានឈ្លោះប្រកែកគ្នាអ្វីនោះទេ។

បុរសខាងលើបានបន្តទៀតថានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ប្រពន្ធរបស់គាត់បានចេញទៅធ្វើការដូចសព្វដង ក្រោយមកក៏ពុំឃើញត្រលប់មកផ្ទះវិញជាយូរថ្ងៃហើយ គាត់បានតេទូរសព្ទសួរប្រពន្ធថា «អូននៅឯណា ត្រលប់មកផ្ទះវិញអត់» ប្រពន្ធរបស់គាត់ឆ្លើយថា«នៅផ្ទះមិត្តភក្តិតែមិនបានត្រលប់ទៅទេដ៏យូរបន្តិច» រហូតមកដល់ថ្ងៃនេះគាត់ទ្រាំលែងបានក៏សម្រេចចិត្តដឹកម្តាយបង្កើតមកប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ឲ្យជួយដឹងឮថាប្រពន្ធរបស់គាត់បានរត់ចោលប្តីនិងកូនពិតប្រាកដមែន៕

មតិយោបល់