ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក HANTAI មួយគ្រឿង បានបែកកញ្ចក់ផ្នែកខាងមុខ ពេលដែលបុរសម្នាក់កំពុងតែបើកបរតាមផ្លូវក៏ស្រាប់តែមានដុំថ្មដែលមានទំហំតូចល្មមមួយដុំធ្លាក់ពីលើការដ្ឋានសំណង់អគារដែលមានកម្ពស់ខ្ពស់កប់ពពក មួយកន្លែងមកត្រូវនោះ តែមិនមានអ្នកណាម្នាក់ចេញមុខមកធ្វើការដោះស្រាយឡើយ។ ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខការដ្ឋានសំណង់អគារលេខ៤៦ ផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសវ័យ ៣៧ឆ្នាំ ម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ លោកបានបើករថយន្តរបស់លោកម៉ាក HANTAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-2559 មួយគ្រឿង ក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯង។ លុះមកដល់ខាងមុខការដ្ឋានសំណង់អគារមួយកន្លែងខាងលើក៏ស្រាប់តែមានដុំថ្ម មួយដុំធ្លាក់ពីលើមកត្រូវកញ្ចក់ ខាងមុខរថយន្តរបស់លោកបណ្តាលឲ្យស្រាំបែកអស់តែម្តង។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ដោយមានរថយន្ត និង ម៉ូតូច្រើនពេកនោះ លោកមិនបានឈប់ភ្លាមទេ ដោយបន្តបើកទៅខាងមុខបន្តិច និង រកកន្លែងបត់ត្រឡប់ក្រោយ មកឈប់ខាងមុខការដ្ឋានខាងលើវិញ ដើម្បីរកមេការខាងការដ្ឋានមកធ្វើការដោះស្រាយគ្នា។ ពេលនោះ រូបលោកក៏បានទៅសួរកម្មករសំណង់ម្នាក់រកមេការការដ្ឋានសំណង់អគារខាងលើប្រាប់ពីរឿងនេះ ដើម្បីធ្វើការ ដោះស្រាយគ្នាផងដែរ តែមិនមានអ្នកណាម្នាក់ចេញមុខមកធ្វើការដោះស្រាយគ្នាជាមួយនិងរូបគាត់ឡើយ។ដោយមិនមាន អ្នកមើលការខុសត្រូវណាម្នាក់ចេញមុខមកធ្វើការដោះស្រាយគ្នានោះ រូបលោកក៏ប្តឹងកម្លាំងមានសម្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមដែរ តែនៅតែមិនមានអ្នកណាម្នាក់ចេញមកធ្វើការដោះស្រាយទៀត ដោយគ្រាន់តែបាន ប្រាប់ឲ្យរូបលោកទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ បុរសជាម្ចាស់រថយន្តស៊េរីទំនើបរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង ដោយខាងសាលា សង្កាត់បឹងកេងកងទី១ ដើម្បីធ្វើការកោះហៅម្ចាស់ការដ្ឋានសំណង់អគារខាងលើ ដើម្បីមកធ្វើការដោះ ស្រាយគ្នានាពេលក្រោយផងដែរ៕
មតិយោបល់