ព័ត៌មានជាតិ

រថយន្តឡិចស៊ីស RX-300 បុកក្បាលរបាំងថ្មចែកទ្រូងផ្លូវខ្ទេចខាងមុខ

ភ្នំពេញៈ រថយន្តម៉ាកឡិចស៊ីសRX-300មួយគ្រឿង ត្រូវបានគេប្រទះឃើញបុកជាប់ជាមួយក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវមួយកន្លែងបណ្ដាលឲ្យកំពិតរួញមុខ ខូចខាតទាំងស្រុង។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១១ត្រង់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តឡិចស៊ីសRX-300 មួយគ្រឿងនេះ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2O-4128 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ព្រោះភ្លាមៗនោះបានចាកចេញទៅបាត់មិនបានស្ថិតនៅកន្លែងកើតហេតុនោះទេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើរថយន្តនេះបានបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ត្រង់ចំណុចកើតហេតុនោះ សង្ស័យជែងរថយន្តផ្សេងទៀត ឬក៏ឆ្លងផ្លូវក៏បានបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យកំពិតរួញខូចខាតទាំងស្រុងនិងជាប់ជាមួយរបាំងថ្មនោះតែម្ដង។

ក្រោយពេលកើតហេតុនគរបាលបានចុះទៅកាន់កន្លែងនោះស្ទូចយករថយន្តទៅរក្សាទុករង់ចាំឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕

មតិយោបល់