ភ្នំពេញៈ ការប៉ាន់ស្មានដែលថា បេក្ខជន ថែល ថៃ នឹងកាន់ពាន The Voice Cambodia វគ្គ២នោះ បានក្លាយជាការពិតហើយ បន្ទាប់ពីលោកបកស្រាយបទចម្រៀងក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយត្រូវបានអ្នកទស្សនាបោះឆ្នោតឲ្យបានសំឡេងនាំមុខគេ។ លោកទទួលបានទឹកប្រាក់ ១០០លាន និង២ពាន់ដុល្លារផ្សេងទៀត អមដោយឱកាសកុងត្រាពេញសិទ្ធិនៅក្នុងផលិតកម្មហង្សមាស។
លោកគឺជាអ្នកចម្រៀងប្រចាំនៅក្នុងក្លិបមួយមុនពេលទទួលបានពាននេះ។
លោកក៏ត្រូវគេស្គាល់ថា ជាបេក្ខជនដែលធ្លាប់ប្រលងក្នុងកម្មវិធីប្រលងចម្រៀងផ្សេងៗផងដែរ ដោយគ្រាន់តែមិនល្បីដូចពេលនេះប៉ុណ្ណោះ។ លោកបកស្រាយបទចម្រៀងជុំទី១ ក៏ទទួលបានការកោតសរសើរ បកស្រាយជុំទី២ជាមួយនឹងCoach របស់ខ្លួន ក៏ទទួលបានការចាប់អារម្មណ៍ជាងគេទើបនាំឲ្យមានឱកាសដ៏គួរឲ្យមោទនភាពនោះ។
លោកថែល ថៃ ត្រូវគេរំពឹងថានឹងល្បីជាងលោក ប៊ុត សីហា ម្ចាស់ពានThe Voice Cambodia វគ្គ១ ដោយសារតែលោកជាតារាចម្រៀងដែលចេះរៀបចំខ្លួនឲ្យទាក់ទាញស្រាប់ និងមានប្រជាប្រិយភាពតាំងពីដើមកម្មវិធីដូចគ្នានឹងរ៉េត ស៊ូហ្សាណា ដែលធ្លាក់ចេញពីកម្មវិធី។ ថែល ថៃ គឺជាកូនក្រុមរបស់ ឱក សុគន្ធកញ្ញា ហើយក៏ជាបេក្ខភាពដែលធ្វើឲ្យនាងទទួលបានកិត្តិយសបន្ទាប់ពីចំណាយពេលបង្វឹកកូនក្រុមដោយការតាំងចិត្តផងដែរ។
ពិធីប្រគល់ពានត្រូវបានប្រគល់ពាន ដោយ លោកខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអមដោយមន្ត្រីរបស់ក្រុមហ៊ុនជាអ្នកឧបត្ថម្ភ និង តារាចម្រៀងក្នុងកម្មវិធី The Voice Cambodia វគ្គទី១ ដូចជាលោកប៊ុត សីហា ជាដើម។ មិនលើពីដើមឆ្នាំ២០១៧ទេ បទចម្រៀងរបស់លោកថែល ថៃ នឹងត្រូវបានចេញលក់បន្ទាប់ពីទទួលចំណាត់ថ្នាក់នេះ។
សម្រាប់បេក្ខជនដែលធ្លាក់មិនជាប់ពានទទួលបានទឹកប្រាក់សក្នុងម្នាក់ៗ៣ពាន់ដុល្លារ ដោយ២ពាន់ពីក្រុមហ៊ុន និង១ពាន់ពីអគ្គនាយកហង្សមាស៕
មតិយោបល់