បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលអធិការនគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី ចំណុចក្រុម០៣ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថាក្មេងទំនើងមួយក្រុមបង្កហិង្សាមានគ្នាចំនួន ០៤នាក់ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជៀន សុខី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកបក្ខពួក០៣នាក់ផ្សេងទៀតបានរត់គេចខ្លួន។
ជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូបុកពាងទឹកនៅខាងមុខផ្ទះប្រជាពលរដ្ឋ និងបានយកដំបងឈើវាយទៅលើជនរងគ្រោះ ១នាក់ឈ្មោះ ណា សុខថៃ ភេទស្រី អាយុ ៣៨ឆ្នាំ មានរស់នៅចំណុចកើតហេតុខាងលើ បណ្តាលអោយបែកក្បាល១កន្លែង និងលើខ្នងត្រង់ចង្កះ ១កន្លែង។
បច្ចុប្បន្នកម្លាំងនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់