ភ្នំពេញៈ យ៉ាងហោចណាស់ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងមនុស្ស៣នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលជនរងគ្រោះទាំង៤នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយត្រូវបានរថយន្តតាកូម៉ា បើកពន្លះពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចហាងលក់បាយ និងបាញ់ឆែវ តាមបណ្ដោយផ្លូវលេខ១៦៣ កែងនិងផ្លូវលេខ៤៦០ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសាក្សីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៤នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AO- 5990 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O- 8124 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលបុកម៉ូតូរងគ្រោះពីក្រោយពេញមួយទំហឹង បណ្តាលឲ្យមនុស្សខ្ទាតទៅបោកផ្ទប់នឹងជញ្ជាំងផ្ទះលក់បាយ និងបាញ់ឆែវ របស់ប្រជាពលរដ្ឋស្លាប់ម្នាក់ និងរងរបួសធ្ងន់៣នាក់ ហើយត្រូវប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ចុះមកដឹកជនរងគ្រោះរបួសធ្ងន់ទៅព្យាបាលនៅឯមន្ទីរពេទ្យឯកជន ។
ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុរួច រថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់ផ្លូវលេខ៤៧០ ដែលចេញពីកន្លែងកើតហេតុប្រហែល៥០០ម៉ែត្រ ដោយរថយន្តបែកកង់ទើបទៅមុខលែងរួច និងចតរថយន្តចោល ម្ចាស់គេចខ្លួនបាត់ស្រមោលតែម្តង។
សពជនរងគ្រោះ និងជនរងគ្រោះទាំង៣នាក់បានរងរបួសធ្ងន់នោះ មិនបានស្គាល់អត្តសញ្ញាណនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់