ព័ត៌មានជាតិ

ស្រវឹងជោកជាំ បើករថយន្តស៊េរីទំនើបស្លាកលេខ រដ្ឋ17 2-9999 បុករះផ្អើលនៅមុខខេរ៉ាអូខេយីហោ ស្លីមកាហ្វេ!

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះទៅបុករះរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង និងរថយន្ត៣គ្រឿងទៀត ដែលឈប់ចតស្ងៀមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីរវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខខេរ៉ាអូខេយីហោ ស្លីមកាហ្វេ តាមបណ្តោយផ្លូវ១១២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ហ្វត់អេវើរេះ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ17 2-9999 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១១២ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុរថយន្តបង្កស្រាប់តែរេចង្កូតទៅខាងឆ្វេងទៅបុកនិងម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងដែលឈប់នៅនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យបាក់កង់រ៉ឺម៉កចំហៀងខាងស្តាំ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តភ្ញៀវរបស់ខារ៉ាអូខេមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ដែលឈប់ចតនៅខាងមុខខារ៉ាអូខេ បណ្តាលឲ្យរងការខូចខាតក្រពឹតផ្នែកខាងឆ្វេងយ៉ាងដំណំ ហើយរថយន្តហាយឡែនឌ័រ ក៏ខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៉ីស RX300 ពណ៌ស្ករ ដែលឈប់ចតក្បែរគ្នាបណ្តាលឲ្យរងការខូចខាតក្រពឹតថ្ពាល់ខាងមុខចំហៀងខាងស្តាំ រួចរថយន្តឡិចស៉ីសក៏ខ្ទាតទៅប៉ះ និងដែលឈប់ចតជិតរថយន្តមួយគ្រឿងទៀតម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2V-1041 បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ ភ្លាមៗនោះអ្នកបើកបរបង្កបានចុះពីលើរថយន្តដើរគេចចូលទៅក្នុងខារ៉ាអូខេខាងលើបាត់ ហើយក៏បន្ទាប់មកក៏ឃើញមានដំណាក់ខាងរថយន្តបង្កបានមកដល់កន្លែងកើតហេតុរួចបានយកថង់ខ្មៅទៅបិទពីលើស្លាកលេខរថយន្តបង្ក និងរារាំងមិនឲ្យអ្នកសារព័ត៌មានថត ហើយថែមទាំងព្យាយាមតាមថតរូបអ្នកសារព័ត៌មាននិងកាត់សម្គាល់ខ្លួនរបស់អ្នកសារព័ត៌មានថែមទៀតផង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងបានឲ្យភាគីទាំង២ធ្វើការដោះស្រាយគ្នា ហើយដោយភាគីខាងរថយន្តបង្កដឹងពីកំហុសក៏បានព្រមយករថយន្តរងគ្រោះទាំង៣គ្រឿង និងម៉ូតូរ៉ឺម៉កកង់បី ទៅជួសជុល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់