ស្ទឹងត្រែងៈ បុរសម្នាក់ ត្រូវកម្លាំងនគរបាលសម្រុកចូលចាប់ខ្លួន ខណៈកំពុងរង់ចាំទទួលលុយពីបញ្ជវេលុយ ដោយដឹងខ្លួនទាន់ បុរសជាជនសង្ស័យ បានរត់ចូលពួនក្នុងលូ តែទ្រាំមិនបានជាមួយក្លិនស្អុយទឹកលូ ទើបងើបក្បាលឡើងលើ ត្រូវសមត្ថកិច្ចចាប់ជាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង២៥នាទី នៅចំណុចទីតាំងវេលុយ១កន្លែង ភូមិត្រពាំងព្រីង ហើយត្រូវសមត្ថកិច្ចចាប់បាននៅម៉ោង៤និង៣៥នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅក្បែរការិយាល័យបោះឆ្នោតចាស់ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ជនសង្ស័យឈ្មោះ សល់ កាន់យ៉ា ភេទប្រុស អាយុជាង៣០ឆ្នាំ មានស្រុកកំណើត នៅភូមិទួលទ្រាល ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាមេក្លោងក្នុងសុំណុំរឿងលួចកាច់សោម៉ូតូ និងគាស់ផ្ទះ និង ជាប់ពាក់ព័ន្ធសំណុំរឿងធំៗ មួយចំនួនទៀត ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលឈានដល់ការចាប់ខ្លួនបុរសខាងលើនេះ គឺមានការតាមដាន និងស៊ើបអង្កេតដឹងថា ជនសង្ស័យបានលាក់ខ្លួន និងធ្វើសកម្មភាពដោយចល័តទៅមកចំនួន៣ខេត្ត គឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តកំពង់ចាម ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក។
បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់