ភ្នំពេញៈ បុរសជាជនបរទេសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយបាក់ជើងម្ខាង ខណៈដែលរូបគាត់កំពុងតែជិះម៉ូតូម៉ាក អ៊ែប្លែក មួយគ្រឿងតាមផ្លូវ ហើយត្រូវបានរថយន្តម៉ាក អូឌី មួយគ្រឿង ដែលបើកបរដោយស្រ្តីវ័យក្មេងម្នាក់ទៅបុកពេញទំហឹងនៅផ្លូវបំបែកជា៤នោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៨ នៅត្រង់ចំណុចផ្លូវលេខ ៤៣០ កែងនិងផ្លូវលេខ ៤៦៤ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសជាជនបរទេសរងគ្រោះបានជិះម៉ូតូម៉ាក អ៊ែប្លែក ពណ៌ទឹកមាសលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DC-3628 មួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើង តែម្នាក់ឯង។ លុះមកដល់ចំណុច កើតហេតុខាងលើ ដែលជាផ្លូវបំបែកជា៤នោះ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-6877មួយគ្រឿង ដែលបើកបរដោយស្ត្រីវ័យក្មេងម្នាក់បោះពួយមកបុកពេញទំហឹងបណ្តាល ឲ្យបុរសជាជនបរទេស បាក់ជើង ខាងស្តាំម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។
ក្រោយពេលកើតហេតុ បុរសជាជនបរទេសរងគ្រោះត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតមកដឹក យកទៅសង្គ្រោះ។ ចំណែកឯរថយន្តម៉ាក អូឌី បង្កនិងម៉ូតូរបស់ជនរងគ្រោះ ត្ឬូវបានយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្ត៕
មតិយោបល់