ព័ត៌មានជាតិ

ម៉ូតូ ពន្លះគូទក្រោយរថយន្ត១គ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុករថយន្ត១គ្រឿង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ដែលកើតហេតុវេលាម៉ោង ១១យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខ អេអឹមខេ ខាងកើតប្រហែល ២០ ម៉ែត្រ ស្ថិតភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ម៉ូតូបង្កម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាក កណ្ដាល 1k-9364 បើកបរដោយឈ្មោះ ទិប ធឿន ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករ នៅប្រទេសថៃ ទីកន្លែងកំណើតភូមិដង្កាបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកបរក្នុងទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាក កំពង់ចាម 3A-2480 បុកពីក្រោយរថយន្ត ស្របទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការនគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់