ព័ត៌មានសេដ្ឋកិច្ច

រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ម្លេច» បើកការដ្ឋានសាងសង់ជាផ្លូវការ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ម្លេច» ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ មានសមត្ថភាពផលិតទឹកស្អាតចំនួន ២០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ នឹងបានដោះស្រាយបញ្ហាការខ្វះទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋប្រមាណ ៤០,០០០នាក់ ស្មើប្រហាក់ប្រហែល ១០,០០០គ្រួសារ រស់នៅក្នុង៖ – ឃុំច្រេស ឃុំជំពូវន្ត ឃុំស្រែសម្រោង និងឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត – ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត – ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងក៏សម្រាប់ផ្តល់លទ្ធភាពដល់កងទ័ព ព្រមទាំងគ្រួសារកងទ័ពនៅតំបន់នោះ។

ថ្លែងក្នុងឱកាសនៃពិធីបញ្ចុះបឋម សិលាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ម្លេច» ដែលមានទីតាំងនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់ថា ដោយសារ ប្រទេសមានសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសអភិវឌ្ឍវិស័យទឹកស្អាតឱ្យមានវិសាលភាពកាន់តែធំ ទាំងនៅទីក្រុង និងជនបទ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ ដោយមានការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ ដោយបានផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍ វិស័យទឹកស្អាតនៅតំបន់ទីប្រជុំជន ជូនដល់ប្រជាពលរដ្ឋឱ្យទទួលបានសេវាផ្គត់ផ្គង់ទឹក ស្អាតប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ តាមរយៈការពង្រីកសមត្ថភាពផលិត និងលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍នានាក្នុងការវិនិយោគលើវិស័យនេះ។

ជាក់ស្តែង អត្រាផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធបណ្តាញក្នុងតំបន់ទីប្រជុំជនបានកើនឡើងពី ៦៨,៥% នៅឆ្នាំ ២០១២ ដល់ ៨៥,៨៤% នៅឆ្នាំ២០១៧ ដែលគិតជាចំនួនគ្រួសារមានទឹកស្អាតប្រើប្រាស់ គឺកើនពី ៤០០,១៨១គ្រួសារ ដល់ ៧២៤,១៣៤គ្រួសារ និងមានបរិមាណផលិតទឹកស្អាតនៅទូទាំងប្រទេស (ទាំងអង្គភាពផលិតទឹកសាធារណៈរាជធានី ខេត្ត និងឯកជន) ក្នុងរយៈពេល ៥ឆ្នាំ (២០១៣-២០១៧) មានចំនួន ១,១២៥លានម៉ែត្រត្រីគុណ។

ទន្ទឹមនឹងនេះ ក្រសួងក៏បាន និងកំពុងរៀបចំ សេចក្តីព្រាងច្បាប់ថ្មីមួយ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតដែលផ្តោតលើវិសាលភាពគ្រប់គ្រងក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងគោលបំណងផ្ដល់ទំនុកចិត្ត និងបង្កើនប្រសិទ្ធភាពសេវាផ្គត់ផ្គង់ទឹកស្អាតនៅ ទីប្រជុំជន ទាក់ទាញការវិនិយោគពីផ្នែក ឯកជន និងក៏ជាមូលដ្ឋានបង្កើតក្របខណ្ឌគតិ យុត្តដើម្បីគ្រប់គ្រង បង្កើនចំណូលរដ្ឋ ផ្ដល់សុខុមាលភាពសាធារណៈ និងសង្គម៕

មតិយោបល់