ភ្នំពេញ៖ កូនប្រុសឧបនាយករដ្ឋមន្រ្តី សុខ អាន ត្រូវបានរដ្ឋសភាសម្រេចអនុម័ត ទទួលស្គាល់ជាតំណាងរាស្រ្តថ្មី នៅមណ្ឌលខេត្តតាកែវ ជំនួសលោក សូរ ឃុន ដែលទទួលមរណភាព។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃនៃរដ្ឋសភា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ម្សិលមិញនេះ រដ្ឋសភាបានសម្រេចអនុម័ត បានសម្រេច ទទួលស្គាល់ លោក សុខ សូកាន វ័យ៣១ឆ្នាំ ជាកូនប្រុសឧបនាយករដ្ឋមន្រ្តី សុខ អាន ជាតំណាងរាស្រ្តថ្មី នៅមណ្ឌលខេត្តតាកែវ។
នៅក្នុងនោះរដ្ឋសភាក៏បានអនុម័តលើសំណើសុំ ជ្រើសតាំងលោក សុខ សូកាន ជាសមាជិក គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែននគរូបនីយកម្ម និងសំណង់ ជំនួស លោក សូរ ឃុន ផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រកាសសុពលភាពនៃអាណតិ្ត របស់ លោក សុខ សូកាន ជាតំណាងរាស្ត្រថ្មីនោះ នឹងត្រូវធ្វើឡើងនាពេលខាងមុខក្នុងសម័យប្រជុំរដ្ឋសភា៕
មតិយោបល់