ព័ត៌មានជាតិ

អាសូរស្ត្រីឆ្លងទន្លេមិនរួចត្រូវសែងតាមអង្រឹង ឆ្លងកាត់ផ្លូវឧបសគ្គជាង១០គីឡូម៉ែត្រ

ក្រចេះ: ស្ត្រីម្នាក់បានស្រែយំ ដោយក្តៅឈឺចាប់បំផុត ហើយស្ទើរតែផុតដង្ហើមម្តងៗទៅហើយ ដោយសារតែគាត់ឈឺពោះឆ្លងទន្លេ នៅក្នុងផ្ទះឈើដ៏ទ្រុឌទ្រោមមួយកន្លែង តែអ្វីដែលគួរឲ្យសង្វេគទៅទៀតនោះពេលឈឺពោះឆ្លងទន្លេ បែរជាកើតមិនរួច ហើយអ្នកភូមិពិសេសកម្លាំងយុវជនក្នុងភូមិបាននាំគ្នាសែងស្ត្រីនេះតាមអង្រឹងដើរឆ្លងកាត់ផ្លូវយ៉ាងលំបាកលំបិន និងឆ្លងទឹកឆ្ពោះទៅមណ្ឌលសុខភាពដែលនៅចម្ងាយ ១០គីឡូម៉ែត្រឯណ្ណោះ។

ហេតុការណ៍ដ៏គួរឲ្យអាណិតអាសូរនេះបានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្រែថ្មាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ សេចក្តីរាយការណ៍ដែល Post News ទទួលបានឲ្យដឹងថា មានករណីស្ត្រីឆ្លងទន្លេមិនរួច ដោយមានផលពិបាកយ៉ាងធ្ងន់ធ្ងរ ពីព្រោះមណ្ឌលសុខភាពនៅឆ្ងាយជាង១០គីឡូម៉ែត្រ ហើយផ្លូវថ្នល់ពិបាកមិនអំណោយផលក្នុងការធ្វើដំណើរ ម្យ៉ាងវិញទៀតគ្រួសាររបស់គាត់មានភាពក្រីក្រយ៉ាងខ្លាំង។

នៅក្នុងគ្រាដ៏គ្រោះថ្នាក់ និងលំបាក លំបិននេះ ក្រុមយុវជនពេញកម្លាំងបានសម្រេចជួយសែងស្ត្រីនេះដោយអង្រឹងដើរឆ្ពោះទៅកាន់មណ្ឌលសុខភាព ដែលមានចម្ងាយផ្លូវប្រវែងជាង១០គីឡូម៉ែត្រ និងមានឆ្លងទឹកតាមទូកទៀត។ អស់ពេលច្រើនម៉ោង និងយុវជនម្នាក់ៗអស់កម្លាំងទន់ដៃទន់ជើងគ្រប់ៗគ្នានោះ ទីបំផុតនាងបានទៅដល់មណ្ឌលសុខភាពបានទាន់ពេល ហើយត្រូវបានជួយជ្រោមជ្រែងពីគ្រូពេទ្យឆ្មបនៅទៅនោះ។

សូមបញ្ជាក់ថា គ្រួសារខាងលើនេះក្រីក្រខ្លាំងណាស់ហើយសូមអំពាវនាវដល់សប្បុរសជនមេត្តាជួយដល់ពួកគាត់ផង៕

មតិយោបល់